ភ្នំពេញ៖ នារីរងគ្រោះម្នាក់ជិះម៉ូតូត្រឡប់មកពីផ្សារវិញ ដល់មុខផ្ទះទៅហើយត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយទាហានឆត្រយោង(៩១១ )ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះឈ្មោះ តុន គារ អាយុ៤៧ឆ្នាំ មុខរបរកម្មររោងចក្ររស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យ ប្លន់ម៉ាក់ ឌ្រីមសង់សេរ៊ី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DO-9066 ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូទៅផ្សារកំបូលដើម្បីទិញម្ហូប លុះពេលទិញហើយគាត់បានត្រឡប់មកផ្ទះវិញ ពេលជិះម៉ូតូមកជិតដល់ផ្ទះ គាត់ក៏ស៊ីញ៉ូបំរុងនឹងបត់ចូលផ្ទះ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក់ ហុងដាមកកាក់អោយគាត់ឈប់ហើយជនសង្ស័យម្នាក់ជិះក្រោយ បានយកកាំភ្លើងខ្លីមកភ្ជង់ ថែមទាំងខ្សឹបថា កុំមាត់ ហ៊ានតែមាត់ បាញ់ឥឡូវ ហើយជនសង្ស័យម្នាក់ដែលកាន់កាំភ្លើងបានយកសោពីគាត់ជិះចេញទៅទាំង២នាក់បាត់ស្រមោល ។
តាមប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ខាងលើសុទ្ធតែជាក្មេង អាយុប្រហែល២០ឆ្នាំប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំបូល ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវវែករកមុខសញ្ញាខាងលើយកមកផ្តន្ទាទោសតាមច្បាប់៕ សុខាសែនជ័យ