ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ដែលរូបគាត់មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ត ម៉ាក HYUNDAI ទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ បណ្ដាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរបានបោកក្បាល និងកញ្ចក់រថយន្តហូឈាមស្រោចពេញខ្លួន ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខក្រសួងមហាផ្ទៃ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញបុរវ័យចំណាស់ម្នាក់ខាងលើ បើករថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពណ៌ខៀវ 0I-7310 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ដែលនៅទល់មុខក្រសួងមហាផ្ទៃ ក៏បានរេចង្កូតទៅបុកជាមួយនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយម្ចាស់រថយន្តបង្កបោកក្បាល និងកញ្ចក់រងរបួសបែកក្បាល ហូរឈាមឡើងជោកខ្លួន ចំណែករថយន្តរងការខូតខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។
ក្រោយពេលកើតហេតុ ទោះជាបុរសរងគ្រោះបានរបួសបែកក្បាលហូរឈាមពេញខ្លួនក៏ដោយ តែរូបគាត់នៅមានកម្លាំងទប់ខ្លួនឯងបានមិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះទេ បើទោះជាមានប្រជាពលរដ្ឋជាច្រើនបានលួងឲ្យរូបគាត់ឡើងរថយន្តសង្គ្រោះបន្ទាន់ក៏ដោយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ឲ្យមកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវីធីច្បាប់នៅពេលក្រោយ ហើយបុរសរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅគ្លីនិកឯកជនដើម្បីដេរបួស ៕ ភារ៉ា ដង្កោ