ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ ក្នុងនោះមានកូនអ្នកយាមគុកព្រៃសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុសិ៍្តនគរបាលព្រៃស ដែលជិះល្បាតបានប្រទះឃើញមានការសង្ស័យ ក៏ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ និងម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យទាំង៣នាក់ ដែលខ្លួនបានរួមមាន៖ ទី១មាន ឈ្មោះ សួន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងគុគព្រៃស(ជាកូនអ្នកយាមគុកព្រៃស) និងមានស្រុកកំណើតភូមិតាមៅ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ទី២ មានឈ្មោះ សេង ភិរោធ ភេទប្រុស អាយុ១៨ឆ្នាំ មុខមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ទី៣មានឈ្មោះ ពេជ្រ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដដូចគ្នា មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុសិ៍្តព្រៃសបានជិះម៉ូតូចុះល្បាតក្នុងមូលរដ្ឋាន ហើយបានជួបជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1.DH 3078 ដោយមានការសង្ស័យ កម្លាំសម្ថតិកិច្ចបានឆែកឆេរក៏ឃើញថ្នាំញឿនមួយកញ្ចប់ធំនៅលើខ្លួនឈ្មោះ សួន រដ្ឋា ភ្លាមៗនោះ សមត្ថកិច្ចក៏ឃាត់ជនសង្ស័យទាំងនេះ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។ ក្រោយពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានទិញថ្នាំញៀននេះ ពីបុរសម្នាក់ និងយកមកចែកចាយបន្តទៀត ។

ក្នុងនោះសមត្ថកិច្ចបានដកហូតសំភារៈ រួមមានម៉ូតូមួយគ្រឿង ទូរសព្ទ័៤គ្រឿង និងថ្នាំញៀនមួយកញ្ចប់ធំ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងរួចមក កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បាននាំយកមកប៉ុស្ដិ៍តនគរបាលរដ្ឋបាលព្រៃស និងកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌដង្កោដើម្បីដោះស្រាយបន្តតាមនីវិធី ៕ ភារ៉ា ដង្កោ

IMG_1719 IMG_1720 IMG_1722 IMG_1723


ចែករំលែក៖