ក្រោមកិច្ចស្នើអន្តរាគមន៍របស់ថៅកែកាស៊ីណូ យ៉ាឌូលី ឲ្យចាប់ពលរដ្ឋខ្មែរជាង១០នាក់ចូលលេងល្បែងស៊ីសងប្រើល្បិចនោះ វាជាសារបញ្ជាក់ច្បាស់ថា កាស៊ីណូទាំងឡាយនៅតំបន់មាត់សមុទ្រ ខេត្តព្រះសីហនុ នៅតែអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ។ បែបនេះ ការស្នើរកកិច្ចអន្តរាគមន៍របស់អាជ្ញាធរខេត្តសុំឲ្យថៅកែកាស៊ីណូទាំងឡាយកុំអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែង គឺជារឿងឥតប្រយោជន៍ ពីព្រោះគ្មានកាស៊ីណូណាមួយឈឺក្បាល និងអនុវត្តតាមសេចក្តីស្នើរបស់អាជ្ញាធរខេត្តនេះឡើយ ។
ថ្មីនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានធ្វើលិខិតផ្លូវការមួយជូនចំពោះថៅកែកាស៊ីណូ ទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយស្នើឲ្យបញ្ឈប់ចំពោះសកម្មភាពនៃការចូលលេងល្បែងស៊ីសងរបស់ជនជាតិខ្មែរ ។ ខ្ញុំបាទ ក្នុងនាមប្រជាពលរដ្ឋក្រុងព្រះសីហនុសង្កេតឃើញថា ការស្នើសុំរបស់លោកអភិបាលខេត្តនោះ គ្មានប្រសិទ្ធភាពបន្តិចបន្តួចឡើយ ។ មិនតែប៉ុណ្ណោះ មតិមហាជននៅក្នុងក្រុងព្រះសីហនុ បែរជាយល់ថា ការស្នើសុំរបស់លោកអភិបាលខេត្ត ដែលដើរពីក្រោយច្បាប់របស់ប្រទេសនោះ គ្រាន់តែជាវិធានការដើម្បីស្វែងរកផលប្រយោជន៍ពីថៅកែកាស៊ីណូទាំងឡាយតែប៉ុណ្ណោះ ។
គេនិយាយថា ច្បាប់កំណត់ហើយថា កាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ ។ បើយ៉ាងដូច្នេះ មិនចាំបាច់រកកិច្ចសហការអ្វីទេ ប្រសិនបើអាជ្ញាធររកឃើញថា កាស៊ីណូទាំងឡាយណាដែលបំពានច្បាប់ប្រទេស ត្រូវអនុវត្តតាមច្បាប់តែម្តងទៅ ។ បើច្បាប់កំណត់ថា ត្រូវបិទកាស៊ីណូ ណាដែលអនុញ្ញាតឲ្យខ្មែរចូលលេង ត្រូវតែបិទ មិនចាំបាច់អាជ្ញាធរចេញសេចក្តីអំពាវនាវអ្វីនោះឡើយ ។
តាមការយល់ឃើញរបស់ខ្ញុំបាទ ក៏ដូចជាប្រជាពលរដ្ឋនៅក្រុងព្រះសីហនុមើលឃើញថា កាស៊ីណូ ទាំងឡាយដែលកំពុងដំណើរការរកស៊ីមានបាន មិនមែនដោយសារតែជនបរទេសចូលលេងល្បែងនោះឡើយ ។ ផ្ទុយទៅវិញ ស្ទើរតែទាំងអស់នៅកាស៊ីណូនៅខេត្តព្រះសីហនុ សុទ្ធតែអនុញ្ញាតឲ្យបណ្តាជនខ្មែរមានទាំងឈ្មួញ និងមន្ត្រីរាជការ ចូលលេងដោយសេរី ។ ដូច្នេះ កិច្ចស្នើរកជំនួយពីម្ចាស់កាស៊ីណូរបស់អាជ្ញាធរខេត្តព្រះសីហនុ គ្មានប្រសិទ្ធភាពអ្វីឡើយ ផ្ទុយទៅវិញ វាជាការស្នើសុំ ដែលគេយល់ថា ដើម្បីផលប្រយោជន៍ណាមួយ ៕ ប្រជាពលរដ្ឋម្នាក់