ក្រុមមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះខ្សឹបខ្សៀវគ្នាថា លោកប្រធានរបស់ពួកគេពុករលួយ មិនចែកកូនចៅឲ្យបានរស់ផងទេ ។ ច្រើនឆ្នាំមកនេះ លោកប្រធានមន្ទីរឈ្មោះ កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាក្នុងមន្ទីរ ជាពិសេសការទាមទារប្រាក់ថ្លៃសេវាសុំច្បាប់សាងសង់ និងការរត់ការផ្ទេរកម្មសិទ្ធិដីធ្លីជាដើម ។
ប្រភពរាយការណ៍ថា ក្រៅពីបញ្ហាអំពើពុករលួយ លោកប្រធានមន្ទីរមិនបានចែករំលែកការងារឲ្យទៅអនុប្រធានផ្សេងទៀតនោះឡើយ ។ បើទោះបីជាមានការចែករំលែកបន្តិចបន្តួច ប៉ុន្តែអនុប្រធានខ្លះ មានអំណាច តួចជាងប្រធានការិយាល័យទៅទៀត ។ ដោយសារតែអំណាចកូនចៅធំជាងអនុប្រធានមន្ទីរនោះហើយ ទើបធ្វើឲ្យមានបញ្ហាជាច្រើនបានកើតឡើង ។ អំពើពុករលួយដែលមិនចេះចែករំលែករបស់លោក កៅ ម៉ាឌីឡែន ធ្វើឲ្យរឿងរ៉ាវជាច្រើន ត្រូវបែកធ្លាយចេញក្រៅ ។
ប្រភពបានឲ្យដឹងថា អនុប្រធាន យិន បុទម ជាអ្នកដែលទទួលបានចំណែកភាគផលច្រើនពីអ្នករត់ការធ្វើប្លង់ដី និងផ្ទេរកម្មសិទ្ធិដីធ្លី ។ អំពើពុករលួយទាំងអស់នេះ ធ្វើឲ្យក្រុមមន្ត្រីនៅក្នុងមន្ទីរមើលមុខគ្នាមិនចំ ។ ប្រភពបានឲ្យដឹងថា ការចែករំលែកមិនស្មើគ្នានៅក្នុងចំណោមអនុប្រធានទាំងឡាយនោះហើយ ដែលធ្វើឲ្យក្រុមមន្ត្រីមិនពេញចិត្តចំពោះការដឹកនាំរបស់លោកកៅ ម៉ាឌីឡែន ។ ក្រុមមន្ត្រីនៃមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរំពឹងថា លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា នឹងពិនិត្យរឿងរ៉ាវនៅមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះផង ៕