ខេត្តមណ្ឌលគិរីៈ មនុស្សយោធា៣៧នាក់ និងមន្ត្រីនគរបាល១១នាក់នៅខេត្តមណ្ឌលគិរីត្រូវបានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកោះហៅទៅសួរនាំពាក់ព័ន្ធបទល្មើសព្រៃឈើ ដែលរកឃើញថ្មីៗនៅក្នុងខេត្តមួយនេះ ។ ជាលទ្ធផលក្នុងចំណោមកងកម្លាំងប្រដាប់អាវុធទាំងនេះមានមន្ត្រីខ្លះប្រឈមមុខនឹងតុលាការ ខណៈខ្លះទៀតត្រូវបានអប់រំ និងផ្លាស់ទៅកន្លែងផ្សេង ។
ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តមណ្ឌលគិរីបានឲ្យដឹងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៧ថា ការកោះហៅមន្រ្តីយោធា និង នគរបាលទាំងនោះយកទៅសួរនំាបានធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៧ ហើយអាចនឹងបន្តនីតិវិធីបន្តទៀតដែល ពួកគេសង្ស័យមានការជាប់ពាក់ព័ន្ធបទ ល្មើសព្រៃឈើនៅស្រុកអូររាំង ខេត្ត មណ្ឌលគិរី ។
មន្រ្តីយោធាដែលជាប់ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើដែលគណៈកម្មការជាតិទប់ ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហៅមកសួរនាំរួមមាន លោក ឯម សុងហ៊ួ មានតួនាទីជាមេ(ខ) និងជាមេប៉ុស្តិ៍របៀងការពារព្រំដែនអូរហ៊ុច, លោក កើត វេហា ជាមន្រ្តី, លោក ឡាយ សាវី ជាមន្រ្តី, លោក លី ឆេងលីម ជាមន្រ្តី, លោក ទា ខៃម៉េង មានតួនាទីជាមេ (គ៣)។
បន្ទាប់ពីសួរនាំមន្រ្តីខាងលើរួចគណៈ កម្មការបានកោះហៅមន្រ្តីយោធាចំនួន២ រូបទៀតនៅថ្ងៃដដែលដើម្បីសួរនាំគឺលោក ហ៊ឹម សុផាត និងលោក យិន ចាន់ទី មេ បញ្ជាការយោធាវរៈការពារព្រំដែនគោកលេខ១០៣ ជាលទ្ធផលពុំទាន់មានប្រភពណាទម្លាយឲ្យដឹងថាបានជាផ្លែផ្កាយ៉ាងណានោះឡើយ ។
ដោយឡែកមន្រ្តីនគរបាលចំនួន៩រូប អាចទំនងជាកោះហៅអប់រំណែនាំនិងផ្ទេរឲ្យទៅកាន់ទីកន្លែងផ្សេង ខណៈដែលមន្រ្តី នគរបាល២រូបទៀតមានតួនាទីជាប្រធានច្រករបៀងការពារព្រំដែនប៉ុស្តិ៍អូរហ៊ុចនិងប៉ុស្តិ៍អូរជុំអាចប្រឈមជាមួយច្បាប់ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមក កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន បង្រ្កាបបទល្មើសព្រៃឈើឆ្លងដែនមួយ ករណីនៅប៉ុស្តិ៍អូរហ៊ុចជាប់ព្រំដែនរបស់ ប្រទេសវៀតណាមក្នុងស្រុកអូររាំង ខេត្ត មណ្ឌលគិរីដោយរឹបអូសបានឈើប្រភេទ សុក្រំ គគីរ ផ្ចឹកចំនួន១៤៥កំណាត់ ចាប់ បានរថយន្តប៉ាកុងចំនួន៨គ្រឿង រណារ យន្ត១គ្រឿង ម៉ូតូ៥គ្រឿងដែលនៅពេលនោះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធ នាគារខេត្តមណ្ឌលគិរី ៕ ហេង សូរិយា