ខេត្តកំពង់ធំ៖ បងប្អូន៦នាក់ បានប្តឹងផ្តល់គ្នាទៅតុលាការ ដើម្បីដណ្តើមកេរិ៍ម្តាយចែកអោយ បន្ទាប់ពីម្តាយបានចែកឋានទៅ បន្សល់នូវដី និងផ្ទះ ឲ្យកូនបែកចែកគ្នា តែដោយសារការលោភលន់ចង់បានតែម្នាក់រៀងៗខ្លួន ទើបឈានដល់ការប្តឹងទៅតុលាការខេត្តកំពង់ធំ ដោះស្រាយជាច្រើនលើក ទីបំផុតលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃតុលាការខេត្តកំពង់ធំ បានសម្រេចបែងចែក ដីជូនស្មើគ្នាទាំង៦នាក់ដើម្បីបញ្ចប់រឿង។
ប្អូនស្រី ប៉ុល សុធារី បានរៀបរាប់ប្រាប់ថា ខ្លួនមានស្វាមីឈ្មោះ សុខ ថាល់ រស់នៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាកូនពៅ និងជាអ្នកថែទាំងម្តាយកាលគាត់នៅរស់ ខណៈមានជំងឺរហូតម្តាយបានស្លាប់ គឺរស់នៅលើដី និងផ្ទះបច្ចុប្បន្ន ក្នុងនោះបងៗទាំងអស់មានគ្រួសារ ហើយបានបែក មានផ្ទះនៅរៀងៗខ្លួនអស់ហើយ ពេលដែលម្តាយមានជំងឺបានផ្តាំផ្ញើកូនៗ ដោយមាត់ទទេ ថាដីដែលមានទំហំ៧៨ម៉ែត្រ គុណ៣៧ម៉ែត្រ ឲ្យកូនទាំង៧នាក់ ចែកគ្នា តែកូនម្នាក់នៅសហរដ្ឋអាមេរិក ទើបចែកគ្នាតែ៦នាក់ តែត្រូវបានបងៗ មកឱបក្រសោមដណ្តើមយក ដោយមិនមានការអាណិតអាសូរប្អូនទើបមានការប្តឹងផ្តល់គ្នាមកតុលាការ ។
យោងតាមកំណត់ហេតុ ទ្រព្យសម្បត្តិ ដែលជាកេរ្តិ៍មរតក របស់ឪពុកឈ្មោះ ប៉ុល លឿង ម្តាយឈ្មោះ ផន ណៃសេង បានស្លាប់ទៅហើយនោះ ហើយមានដីដែលមានទំហំ ៧៨ម៉ែត្រ គុណ ៣៧ម៉េត្រ តុលាការ បានសម្រេចប្រគល់ផ្ទះឈើ មួយខ្នងដែលមានទំហំ ៩ម៉ែត្រគុណ១៥ម៉ែត្រ និងផ្ទៃដីដែលមានទំហំ ១៦,៧០ម៉ែត្រ បណ្តោយ តាមការវាស់ជាក់ស្តែង ជូនប្អូនស្រី ឈ្មោះ ប៉ុល សុធារី ចំណែកបងៗឯទៀត ទទួលបានក្បាលដីម្នាក់១២ម៉ែត្រ ស្មើគ្នា ហើយអ្នកទាំងអស់គ្នាបានយល់ព្រម និងឯកភាពមិនមានការតវ៉ាអ្វីទាំងអស់ ។
ការចុះអនុវត្តដីការសម្រេច របស់លោក ឃន សុកល ប្រធាន និងជាចៅក្រមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានដឹកនាំ ចុះអនុវត្តដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចជាច្រើនរូបនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៧ នៅសាលាសង្កាតអាចារ្យលាក់ ក្រុងស្ទឹងសែន ហើយការអនុវត្តដីការនេះទទួលបានជោគជ័យ ដោយមានការយល់ព្រម និងឯកភាពគ្រប់ភាគីទាំងអស់ ៕ ប៊ុនរិទ្ធី