ភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យស៊ើបការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួន កាក់រថយន្តចាប់ខ្លួនបុរសម្នាក់ដែលមានមុខរបរជាអ្នករកស៊ីម៉ៅការសាងសង់ផ្ទះតាមដីកាតុលាការ កាលពីព្រឹកថ្ងៃទី២៤ មីនាឆ្នាំ២០១៧ ខណៈកំពុងបុរសនេះកំពុងធ្វើដំណើរតាមរថយន្តម្តុំបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បុរសម្នាក់នោះឈ្មោះថាច់ មនោរក្ស ជាអ្នកម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខ២០៣បេអឺ០ ផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវឃាត់ខ្លួនដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះអ៊ិត ដាលី ភេទស្រី អាយុ៦២ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលបានប្តឹងឈ្មោះថាច់ មនោរក្ស ពីបទ.ឆបោកប្រាក់ចំនួន១ម៉ឺន៤ពាន់៤រយដុល្លារអាមេរិកក្នុងរឿងសាងសង់ផ្ទះ ។
យោងតាមពាក្យបណ្តឹងបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៥ អ្នកស្រីអ៊ិត ដាលី ជាដើមបណ្តឹង និងឈ្មោះថាច់ មនោរក្ស បានធ្វើកិច្ចសន្យាសាងសង់ផ្ទះ ដែលស្ថិតនៅលើក្បាលដីលេខ៩០៣ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។កិច្ចសន្យានេះតម្រូវឲ្យឈ្មោះ ថាច់ មនោរក្ស ត្រូវសង់ផ្ទះកម្ពស់២ជាន់ក្នុងតម្លៃ សរុប១០.១០០០ដុល្លារអាមេរិក និងបានកំណត់រយៈពេលនៃការសាងសង់ឲ្យរួចរាល់ជាស្ថាពររយៈពេល៨ខែ គិតចាប់ពីថ្ងៃបុកគ្រឹះ និងត្រូវទូទាត់ប្រាក់៦ដំណាក់កាល ។ក្រោយពីធ្វើកិច្ចសន្យារួចឈ្មោះថាច់ មនោរក្ស បានធ្វើការសាងសង់ និងបើកប្រាក់រហូតដល់ដំណាក់កាលទី៥ លុះក្រោយមក ឈ្មោះ ថាច់ មនោរក្ស ទៅយកប្រាក់បន្តិចម្តងៗ រហូតដល់ទៅ១៤.៤០០ដុល្លារថា យកទៅទិញសម្ភារទុក សម្រាប់តម្រូវការសាងសង់ និងគ្រឿងតុបតែងផ្ទះ ឲ្យបានរួចរាល់តាមកិច្ចសន្យាដែលភាគីទាំងពីរបានធ្វើជាមួយគ្នា ។
ក្នុងបណ្តឹងដដែលបញ្ជាក់ទៀតថា ក្រោយពេលឈ្មោះ ថាច់ មនោរក្ស បានទទួលប្រាក់ដូចចំនួនខាងលើនេះហើយ បែរជាមិនបានធ្វើការសាងសង់តាមកិច្ចសន្យានោះទេ គឺគេចខ្លួនរហូត។ ករណីបែបនេះហើយទើបធ្វើ ឲ្យដើមបណ្តឹងមិនសុខចិត្តក៏ដាក់ពាក្យបណ្តឹងទៅតុលាការឲ្យឃាត់ខ្លួនបុរសមេការសំណង់នេះតែម្តងទៅ៕ ប្រាថ្នា