ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាជ័យ បាននាំគ្នាលើកឡើងសំដែងនូវការព្រួយបារម្ភ និងចោទប្រកាន់ក្រុមអ្នកមានអំណាច និងមានទ្រព្យធន បាននិងកំពុងធ្វើសកម្មភាពចាក់ដីលប់អូរបុរាណមួយកន្លែង មានឈ្មោះអូរតាម៉ៅ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ដើម្បីរំលោភយកអូរបុរាណ ធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់ ។
សកម្មភាពនៃការចាក់ដីប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿងនោះ ប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា ឈ្មួញបានធ្វើឡើងមានរយៈពេលជិតមួយខែមកហើយ ។ ឈ្មួញអ្នកចាក់ដីនៅចំណុចនោះ ត្រូវបានអាជ្ញាធរស្រុកព្រះនេត្រព្រះ ប្រាប់ឱ្យដឹងថា មានឈ្មោះ គង់ ប៊ុនលី រស់នៅខេត្តសៀមរាប ដែលជាអ្នកមានទ្រព្យធន និងមានដីនៅទីនោះប្រហែល៤០ហិកតា ។
ប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា អូរតាម៉ៅ ជាដៃស្ទឹងរំដួល ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋយកទឹកប្រើប្រាស់អាស្រ័យផល និងរកត្រីជាលក្ខណៈគ្រួសារ ។ អូរតាម៉ៅ ជាបណ្តាញរំដោះទឹកពីស្ទឹងរំដួល តភ្ជាប់ទៅអូរបោះរោទិ៍ ប្រឡាយកូនថ្នល់ និងធ្លាក់ដល់ប្រឡាយមេក្នុងស្រុកភ្នំស្រុកដើម្បីផ្គត់ផ្គង់ ចែកចាយទឹកប្រជាពលរដ្ឋធ្វើស្រែចំការ ។ អូរតាម៉ៅនៅរដូវប្រាំងមិនសូវមានទឹកប៉ុន្មាននោះទេ លុះនៅរដូវវស្សាទើបមានទឹកល្ហរល្ហេវ ។
ប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថា នៅតំបន់នោះក៏មានបឹងធម្មជាតិតូចធំមួយចំនួនបានរងការចាក់ដីវាទរំលោភយកធ្វើដីជាកម្មសិទ្ធិផងដែរ។ ប្រជាពលរដ្ឋមិនហ៊ានចេញមុខតវ៉ាអ្វីនោះឡើយ ពួកគាត់ក៏បានសំណូមពរឱ្យអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធមេត្តាចុះទប់ស្កាត់នោះផង បើមិនដូច្នេះនោះទេបឹង អូរធម្មជាតិបុរាណ នឹងរងការបាត់បង់វិនាស ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើពីសំណាក់ប្រជាពលរដ្ឋ លោក គង់ ប៊ុនលី បានប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ឱ្យដឹងថា លោកបដិសេធមិនបានចាក់ដីរំលោភអូរនោះឡើយ ការចាក់ដីនោះ គឺនៅលើដីរបស់លោកហើយក៏បានសុំច្បាប់រួចរាល់អស់ហើយ ដើម្បីកសាងអភិវឌ្ឍន៍តំបន់នោះ ។
លោក លី សុវណ្ណរិទ្ធ អភិបាលស្រុកព្រះនេត្រព្រះប្រាប់ឱ្យដឹងថា ការចាក់ដីពីសំណាក់ ឈ្មោះ គង់ ប៊ុនលី គឺគាត់បានសុំច្បាប់ដល់អជ្ញាធរខេត្តបន្ទាយមានជ័យនោះហើយ ។ លោកថា ខាងគណៈកម្មការរបស់ខេត្ត ក៏បានចុះមកត្រួតពិនិត្យ និងឱ្យម្ចាស់ដីឈ្មោះ គង់ ប៊ុនលី ធ្វើកិច្ចសន្យាមិនឱ្យមានការចាក់លុបអូរនោះឡើយ និងបើសិនមានការចាក់ដីលុបអូររួចហើយ ត្រូវ កាយឱ្យមានមុខទឹកត្រឹមត្រូវឡើងវិញ ៕ សំ វិច្ឆិកា