ភ្នំពេញ៖ ជនបង្កសោកនាដកម្មបើករថយន្តបញ្ច្រាសបុករះ ស្លាប់ និងរបួសមនុស្សច្រើននាក់នោះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គឺជាអ្នកលក់ទូរស័ព្ទដៃ នៅម្តុំចាក់អង្រែក្រោម ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនបង្កបានរងរបួសពេញខ្លួនផងដែរដោយសារតែកំហឹងរបស់មហាជន ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ គេបានរាយការណ៍ថា ជននេះឈ្មោះ មាស សុខហេង ភេទប្រុស អាយុប្រមាណ ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ័ដៃ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៨ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ រថយន្តកាមរីឆ្លាមមួយគ្រឿងបើកបរបញ្ច្រាសទិសចរាចរណ៍ ដោយស្ថានភាព ស្រវឹង បុករះខូចខាតម៉ូតូជិត ១០ គ្រឿង
និងបង្កឲ្យមនុស្ស ស្លាប់ ៣ នាក់ នៅហ្នឹង កន្លែងកេីតហេតុ មាន ស្រី ២នាក់ ត្រូវជា បង ប្អូនភ្លោះ និង បុរស ១ នាក់ទៀត ព្រមទាំងបង្កឲ្យរងរបួសធ្ងន់ ស្រាលច្រើននាក់ផ្សេងទៀត ។
ក្រោយបង្កគ្រោះថ្នាក់ រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បានព្យាយាមបើករត់ពីចំណុចកើតហេតុផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមហាជនធ្វើសកម្មភាពដេញឡោមព័ទ្ធចាប់បាន ហើយនៅពេលនោះ ទាំងអ្នកបើកបរបង្ក និងទាំងរថយន្តបានទ្រមខ្លួន និងខូចខាតយ៉ាងដំណំ ។ ប្រជាពលរដ្ឋបានបញ្ចេញកំហឹងពុះកញ្ជ្រោលរបស់ខ្លួន ម្នាក់មួយជើង ម្នាក់មួយដៃ សល់តែដង្ហើមចង្រិត ហើយខ្លះទៀតគប់ដុំថ្ម បំបែកទ្វារ កញ្ចក់រថយន្តគ្មានសល់ រហូតដល់មានអ្នកខ្លះទិញសាំងមកស្រោចបម្រុងដុតរថយន្តបង្កនេះចោលតែម្តង ប៉ុន្តែត្រូវអាជ្ញាធរមកអន្តរាគមន៍ទាន់ពេលវេលា បំហែកក្រុមបង្កហិង្សាទាំងនោះ ហើយរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងបានមកបាញ់ទឹកសាបូ នៅកន្លែងកើតហេតុ បង្កាខ្លាចក្រែងផ្ទុះជាអគ្គីភ័យទ្រង់ទ្រាយធំ ពិបាកនៅក្នុងការគ្រប់គ្រង ។ រថយន្តបង្កក្រោយមកត្រូវរថយន្តស្ទូចនគរបាលរាជធានីភ្នំពេញដឹកយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីដោះស្រាយតាមក្រោយ ។
ភ្លាមៗនៅកន្លែងកើតហេតុ មានជនរងគ្រោះ៣នាក់បាត់បង់ជីវិត រីឯ១០នាក់ផ្សេងទៀតត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ។ គេនៅមិនទាន់ដឹងអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសមត្ថកិច្ចចរាចរណ៍ពាក់ព័ន្ធបាននិងកំពុងធ្វើកិច្ចការនេះ មិនទាន់អាចទម្លាយព័ត៌មានគ្រប់ជ្រុងជ្រោយបានឡើយ ៕