ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសមាជិកក្រុមគ្រួសាររបស់ពួកគាត់ជាពិសេសកូនតូចៗចំពោះឧប្ទវហេតុនៃគ្រោះអគ្គិភ័យ ខណៈមានផ្ទះមួយកន្លែងកំពុងផ្ទុកប្រេងដល់ទៅ២ម៉ឺនលីត្រនៅក្រោមដីជាច្រើន ខែមកហើយ ព្រមទាំងមានផ្ទុកហ្គាសជាច្រើនធុងទៀតផងដើម្បីធ្វើអាជីវកម្មចែកចាយ ដោយមិនមានរៀបចំប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវ ដែលងាយនឹងបង្កទៅជាគ្រោះ អគ្គិភ័យកើតឡើង ។
ពលរដ្ឋបានឲ្យដឹងថា ទីតាំងស្ដុកប្រេងឥន្ធនៈខុសច្បាប់នេះ គឺស្ថិតនៅទីប្រជុំជនជាប់នឹងផ្សារក្នុងឃុំប៊ូស្រាតែម្ដង ដែលមានផ្ទះឈើរបស់អាជីវករលក់ដូររាប់សិបខ្នងសាងសង់ជាប់ៗគ្នានៅជុំវិញទីតាំងស្ដុកប្រេងខាងលើនេះ។ ដូច្នេះប្រសិនបើមាន បញ្ហាអគ្គិភ័យកើតឡើងដោយប្រការណាមួយនឹងងាយឆាបឆេះរីករាលដាលយ៉ាងឆាប់រហ័សផងដែរ។
ពលរដ្ឋបានឲ្យដឹងទៀតថា កាលពី ពេលថ្មីៗនេះ គឺធ្លាប់មានមន្ត្រីជំនាញនៃ មន្ទីររ៉ែ និងថាមខេត្តមណ្ឌលគិរីបានចុះអប់រំ ណែនាំដល់ម្ចាស់ទីតាំងស្ដុកប្រេងឥន្ធនៈ មួយនេះម្ដងរួចមកហើយ ដោយសារតែម្ចាស់ទីតាំងនេះបានសាងសង់កន្លែងរក្សាទុកប្រេង និងចែកចាយប្រេងដោយខុសច្បាប់ ពុំមានច្បាប់អនុញ្ញាតអាជីវកម្មពីអាជ្ញាធរដែនដី និង មន្ទីររ៉ែនិងថាមពលខេត្តនោះទេ ប៉ុន្តែម្ចាស់ទីតាំងខាងលើនេះនៅតែបន្តអាជីវកម្ម របស់ខ្លួន ដោយមិនក្រែងញញើតនឹងការហាមឃាត់របស់មន្ត្រីជំនាញនោះឡើយ ។
ពលរដ្ឋដែលរស់នៅជុំវិញកន្លែងរក្សាទុកប្រេង និងលក់ប្រេងឥន្ធនៈខាងលើនេះបាន សំណូមពរដល់អាជ្ញាធរនិងមន្ត្រីជំនាញ ជាពិសេសលោកអភិបាលខេត្តមណ្ឌលគិរី សូមមេត្តាចាត់ការវិធានការលើទីតាំងស្ដុកប្រេងខុសច្បាប់មួយនេះ ព្រោះពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីបានថ្លែងថា មន្ទីរ រ៉ែ និងថាមពលបានចុះអប់រំណែនាំដល់ម្ចាស់ទីតាំងស្ដុកប្រេងឥន្ធនៈដោយខុសច្បាប់នេះរួចហើយ ដូច្នេះករណីដែលម្ចាស់ទីតាំងចែកចាយប្រេងមួយនេះមិនអនុវត្តតាម មន្ទីររ៉ែពុំមានដែនសមត្ថកិច្ចបិទអាជីវកម្មបាននោះទេ ពីព្រោះទីតាំងនេះមិនទាន់បានសាងសង់ជាស្ថានីយប្រេងឥន្ធនៈ ប៉ុន្តែអាជ្ញា ធរស្រុកពេជ្រាដាគឺអាចបិទអាជីវកម្មនេះបាន ព្រោះការលក់ប្រេង និងរក្សាទុកប្រេង ដោយខុសច្បាប់នេះ គឺស្ថិតក្នុងមូលដ្ឋានស្រុកពេជ្រាដា ។
លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដា បានឲ្យដឹងថា ករណីនេះមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ដែលជាមន្ទីរជំនាញ គឺចាំបាច់ត្រូវសហការជាមួយអាជ្ញាធរស្រុក ពេជ្រាដា ដើម្បីចុះទប់ស្កាត់ចំពោះទីតាំង រក្សាទុកប្រេង និងចែកចាយប្រេងខាង លើនេះ ហើយអាជ្ញាធរស្រុកពេជ្រាដា នឹងមានវិធានការទប់ស្កាត់ចំពោះករណីនេះ ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីបានថ្លែងថា លោកនឹងបញ្ជាទៅ មន្ទីររ៉ែ និងថាមពល និងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដាឲ្យចាត់វិធានការលើ ទីតាំងស្ដុកប្រេងមួយនេះ ៕ ហេង សូរិយា