ខេត្តកំពង់ធំ៖ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមដាច់ខាត់មិនឲ្យកងកម្លាំងសមត្ថកិច្ចចរាចរណ៍ ដាក់ប៉ុស្តិ៍កាក់រថយន្តត្រួតពិនិត្យ ច្បាប់ចរាចរណ៍ ឬស្ទាក់ចាប់រថយន្ត នៅតាមផ្លូវជាដាច់ខាត តែអនុញ្ញាតឲ្យដាក់ពីដើមផ្លូវនៅបេនឡាន ដើមទី និងចុងទី ដោយកុំរំខានប្រជាពលរដ្ឋច្រើនពេក ហើយកុំស្តាំៗពេក ឆ្វេងៗពេក តែមិនលើកលែងជាដាច់ខាតចំពោះអ្នកបើកបររថយន្តលើសល្បឿនកំណត់ ត្រូវផាក់ពិន័យតាមច្បាប់ តែការចាប់ល្បឿនសត្ថកិច្ចត្រូវរាយការទៅគោលដៅ តាមខេត្តដែលមុខសញ្ញារថយន្តបើកលើសល្បឿន ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធី ប្រកាសតែតាំងចូលកាន់តំណែង និងផ្លាស់ប្តូរតួនាទីភារៈកិច្ចស្នងការនគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល តែងតាំងជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោក ឧត្តមសេនីយ៍ទោ ជូ សំអាន អតីតស្នងការនគរបាលខេត្តកំពង់ធំ ដោយឲ្យទៅទទួលមុខងារតួនាទីជា អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ បានសន្យាគោរពនិងអនុវត្ត និងស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សន្យាយកអស់កំលាំងកាយចិត្តគំនិតប្រាជ្ញា ដើម្បីបំរើផលប្រយោជន៍ ប្រជារាស្រ្ត និងមិនធ្វើអោយអ្វីដែលប៉ះពាលប្រយោជន៍ប្រជាជនឡើយ សន្យាគោរព និងដាច់ខាតយ៉ាងម៉ឺងម៉ាត់ រក្សាសាមគ្គីភាពផ្ទៃក្នុង ដឹកនាំទប់ស្កាត់បទល្មើស ការពារផលប្រយោជន៍ ប្រទេសជាតិ និងមានយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាតិ បទបញ្ជាផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។
លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាស៍ថា ក្នុងនាមជាកងកម្លាំងត្រូវរួបរួមសាមគ្គីគ្នា រក្សានូវវិន័យសេចក្តីថ្លៃថ្នូររបស់កងកម្លាំង មិនធ្វើឲ្យមានផលប៉ះពាល់ដល់កិត្តិយស់របស់អង្គភាព ដោយសារតែការប្តឹងផ្តល់គ្នា ទៅវិញ ទៅមកក្នុងអង្គភាពធ្វើឲ្យប៉ះពាល់ដល់ខេត្ត ដល់អគ្គស្នងការនគរបាលជាត ដែលមានកូនចៅប្តឹងគ្នា ចំណែកតំណែង តួនាទីរបស់កម្លាំង មិនមែនជាប្លង់រ៉ឹងឬប័ណ្ណកម្មសិទ្ធរបស់មន្រ្តីរាជការនោះទេ ចំពោះសមត្ថកិច្ចជំនាញពេលចុះបង្រ្កាបបទល្មើសនានា មិនត្រូវកន្ទេសធំបន្លំដេក ត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសផ្សេៗ។
លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន បានមានប្រសាសន៍ថា បោះឆ្នោតគឺជាការសំខាន់ណាស់ ដូច្នេះភារកិច្ចនគរបាល ជាសេនាធិការជូនគណបញ្ជាការឯកភាពខេត្ត ដើម្បីដំណើរការរៀបចំផែនការលំអិត ការពារបោះឆ្នោត ទាំងការឃោសនា ការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត រីឯបញ្ហាចរាចរណ៍ រថយន្តបើកលើសល្បឿនមិនអោយកាក់ឲ្យឈប់ ហើយត្រូវសហការជាមួយការិយាល័យចរចរណ៍គ្រប់ខេត្តក្រុងដើម្បីហៅរថយន្តទៅផាកពិន័យ បើម្ចាស់យានយន្តរ៉ឹងទទឹងចាត់សំណុំរឿងទៅតុលាការ តែការផាកពិន័យទី១គឺយកលុយ ទី២គឺអប់រំ តែត្រូវកែឥរិយាបទនគរបាល ពាក្យសំដីទន់ភ្លន់ មិនត្រូវទះគូថឡាន ចង្អុលមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន បានបញ្ជាក់ថា នគរបាលមិនត្រូវជួញដូរឈើគ្រញូង ឬពាក់ព័ន្ឋនឹងបទល្មើសខុសច្បាប់ឡើយ ៕ ប៊ុន រិទ្ធី