ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលគ្រប់គ្រងជនបរទេស បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនបរទេសម្នាក់ ពីបទឆបោក ដែល ប្រព្រឹត្តទៅកាលពីអំឡុងខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។
ហេតុការណ៍ឃាត់ខ្លួនជនបរទេសតាមដីកានោះ បានធ្វើឡើងនៅវេលាម៉ោង១៤ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន គូលែន ២ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
លោក វរសេនីយ៍ទោ វ៉ាន់ រិទ្ឋ នាយការិយាល័យនគរបាលគ្រប់គ្រងជនបរទេសបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ថា ដោយយោងតាមបទបញ្ជា របស់លោកវរសេនីយ៍ឯក ជា គឹម សាន ស្នងការរងទទួលផែន អន្តោប្រវេសន៍ បានឱ្យកម្លាំងក្រោមឱវាទ ចុះអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ឆែ វីរះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ឱ្យនាំខ្លួនជនបរទេសម្នាក់ឈ្មោះ Pike Andrew Howard John ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិ អូស្រ្តាលី សញ្ជាតិ អូស្រ្តាលីមុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ:N9143462មកកាន់សាលាដំបូងខេត្តសៀមរាបពាក់ពន្ធ័ករណីអំពើឆបោក ដែលប្រព្រឹត្តទៅកាលពីអំឡុងខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបានបន្តថា ក្រោយពីបានសាកសួររួចមក ចៅក្រមស៊ើបសួរ ក៏បានចេញដីកាបញ្ជាឱ្យកម្លាំងសមត្ថកិច្ចដឹកជនត្រូវចោទទៅកាន់ពន្ធនាគារខេត្តដើម្បីឃុំខ្លួន ជាបណ្តោះ អសន្ន រង់ចាំថ្ងៃសវនការនាពេលខាងមុខជាបន្ត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅដាក់ពន្ធនាគារ តាមបទបញ្ជារបស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បណ្តោះអសន្ន ដើម្បីរង់ចាំចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ប៊ុន រិទ្ធី