ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៧ លោក លី ចាណា អនុរដ្ឋលេខា ធិការក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លឹម វីរក្ស អគ្គនាយក រងកិច្ចការបច្ចេកទេសមន្ត្រីជំនាញរបស់ ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល បានចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងនៅក្នុងឃុំរកាកោងទី១ និងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សូមជម្រាបថា នាពេលកន្លងមកប្រជា កសិករនៅក្នុងឃុំទាំង២ខាងលើបានបង្ក បង្កើនផលស្រូវប្រាំងលើផ្ទៃដីចំនួន៤០០ ហិកតា ។ បន្ទាប់ពីដំណាំស្រូវប្រាំងទាំងនោះ ត្រូវបានប្រមូលផលរួចរាល់ជាស្ថាពរ បងប្អូនប្រជាកសិករបានបន្តដាំដុះដំណាំស្រូវប្រាំងលើកទី២លើផ្ទៃដីចំនួន៣០០ ហិកតាបន្ថែមទៀត ហើយបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក ។ ឆ្លើយតបភ្លាមៗទៅនឹងការខ្វះខាតទឹកស្រោចស្រពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាន សហការជាមួយនាយកដ្ឋានធារាសាស្ត្រ កសិកម្មរបស់ក្រសួង រៀបចំដំឡើង និង ដំណើរការម៉ាសុីនបូមទឹកចល័តខ្នាត មធ្យម (៦៥សេះ) ចំនួន២គ្រឿង ស្ថានីយ បូមទឹកបណ្តែត (១២០សេះ) ចំនួន១ គ្រឿង និងម៉ាសុីនខ្នាតតូចរបស់សហគមន៍ចំនួន ២គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកទៅ សង្គ្រោះដំណាំស្រូវទាំងនោះ ។
នៅក្នុងពេលចុះពិនិត្យការងារនោះ លោកអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យមន្ទីរ បន្តយកចិត្តទុកដាក់ និងចុះតាមដានជាប់ ជាប្រចាំនូវការងារបង្កបង្កើនផលនៅក្នុងឃុំទាំង២ខាងលើ និងបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន១.០០០លីត្រសម្រាប់កិច្ចដំណើរ ការអន្តរាគមន៍សង្គ្រោះស្រូវ ៕ សូរិយា