ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីសម្រេចបញ្ឈប់ការដ្ឋានធ្វើលូ និងសំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុនវែងតិចឡាបណ្ណោះអាសន្ន ព្រោះមិនមានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានធ្វើលូ និងសំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុនវេងតិចឡា ដែលស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចអោយបញ្ឈប់ជាបណ្ណោះអាសន្ន ក្រោយពីក្រុមការងារពិនិត្យឃើញថា ក្រុមហ៊ុនខាងលើសាងសង់លូប្រអប់មិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ហើយសំណង់ផ្ទះល្វែងត្រូវបានសង្ស័យថា សាងសង់មិនមានច្បាប់និងរំលោភប្រឡាយរំដោះទឹកដ៏ធំរបស់រាជធានីភ្នំពេញ។ ការសម្រេចអោយបញ្ឈប់ការដ្ឋានធ្វើលូ និងសំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុនវេងតិចឡាខាងលើនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ មេសា គឺក្នុងខណៈដែលលោកអៀង អូននីអភិបាលរងរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីនិងអាជ្ញាធរខណ្ឌមានជ័យចុះពិនិត្យការដ្ឋាននេះជាក់ស្តែង។

លោកអៀង អូននី បានបញ្ជាក់ថា៖ យើងពិតមើលឃើញជាក់ស្តែងហើយ ចំពោះការដ្ឋានស្ថាបនាលូប្រអប់របស់ក្រុមហ៊ុននេះ គឺធ្វើមិនត្រឹមត្រូវតាមបច្ចេទេសនោះទេមានប្រហោង ដែលធ្វើអោយដីហូរចូលពីលើខ្នងលូទៅក្រោមបាន ជាងនេះទៅទៀតការជីកដាក់លូទំហំរហូតទៅដល់៤ម៉ែត្រមិនមានបុកស៊ីផាយសោះ ដែលនឹងអាចធ្វើអោយផ្ទះប្រជាពលរដ្ឋនៅសងខាងការដ្ឋាននេះប្រឈមនឹងការបាក់ស្រុត។ ដូច្នេះហើយរដ្ឋបាលរាជធានីសម្រេចអោយផ្អាកការដ្ឋាននេះជាបណ្តោះអាសន្នសិន ។ ដោយឡែកសំណង់ផ្ទះល្វែងដែលលុបដីប្រឡាយសាងសង់ឡើងនេះក៏ត្រូវបានក្រុមការងារនេះសម្រេចអោយផ្អាកជាបណ្តោះអាសន្នសិនផងដែរ ដោយសង្ស័យថា មិនមានច្បាប់អនុញ្ញាតិ តម្រូវអោយខាងក្រុមហ៊ុនយកច្បាប់សាងសង់មកបង្ហាញរដ្ឋបាលរាជធានីជាមុនសិន ក្រោយពីមានច្បាប់ពីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ហើយទើបរដ្ឋបាលរាជធានីភ្នំពេញអោយសាងសង់បន្ត ។

លោកអៀង អូននី ក៏បានជម្រុញអោយការិយាល័យភូមិបាលចុះវាស់វែងពីព្រំប្រទល់កំណត់ប្រឡាយទឹករបស់រដ្ឋអោយបានច្បាស់លាស់ និងត្រូវចេញប្លង់សរុបរួមមួយដើម្បីសាងសង់លូប្រឡាយអោយហើយក្នុងឆ្នាំនេះ ។ចំណែកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវចុះធ្វើសកម្មភាពស្តារប្រឡាយនេះឡើងវិញ ព្រោះវាចំរដូវប្រាំងស្រាប់។

លោកនៅ សារឿន អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ប្រឡាយបង្ហូរទឹកលូប្រាំពិតជាមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ពិសេសរំដោះទឹកចេញពីពោធិចិនតុង ហូរមកប្រឡាយបារាំង បន្តហូរមកលូ៥ មកភូមិម័រទៅស្ពានដែកចំការដូង និងបន្តទៅជើងឯក ស្ថានីយបូមទឹកបឹងទំពន់ ៕ សំរិត

image2 image3 image4 image5 image6 image1


ចែករំលែក៖