ភ្នំពេញៈ នគរបាលខណ្ឌសែនសុខ សហការនឹងនគរបាលប៉ុស្តិ៍ឃ្មួញ បានឃាត់ខ្លួនយុជនប្រុស ស្រីច្រើននាក់ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលសង្ស័យថា ជាប់ពាក់ព័ន្ឋ ក្នុងការប្រើប្រាស់ និងចែកថ្នាំញៀនខុសច្បាប់។
លោកញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានមានប្រសាសន៍ថា ក្នុងចំណោមជនសង្ស័យទាំង១២នាក់នោះ ក្រោយពេលធ្វើតេស្ត៍ទឹកនោម រកឃើញអ្នកមានផ្ទុកសារធាតុថ្នាំញៀនចំនួន៧នាក់ ឯជន៥នាក់ទៀត មិនមានពាក់ព័ន្ធទេ ហើយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន១នាក់ទៀតមានសារធាតុញៀនដូចគ្នា សរុប៨នាក់យកមកសួរនាំ និងស្រាវជ្រាវបន្ត។
លោក នាយប៉ុស្តិ៍រូបនេះ បានបន្តថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានទូរស័ព្ទមករាយការណ៍ប្រាប់លោកថា មានក្រុមស្ទាវៗមួយហ្វូងធំ នាំគ្នាជក់ថ្នាំញៀន នៅក្នុងបន្ទប់ផ្ទះជួល ទើបភ្លាមៗនោះ លោកបានប្រមូលកម្លាំងគ្នាទៅឡោមព័ទ្ឋហើយចូលទៅឃាត់ខ្លួនពួកគេជាក់ស្តែងតែម្តង ។
លោកបញ្ជាក់ថា នៅក្នុងការបង្ក្រាបនោះ ពុំបានរកឃើញថ្នាំញៀនសេសសល់ទេ ដោយសារពួកគេបានសេព(ជក់)អស់ សមត្ថកិច្ចបានត្រឹមតែប្រមូលយកឧបករណ៍សំរាប់ជក់តែប៉ុណ្ណោះ។
លោកបន្តថា ជនដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ១/ អ៊ួង សីហា ភេទប្រុស អាយុ១៨ឆ្នាំ ២/ គង់ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ៣/ ខន ធី ភេទស្រី អាយុ២០ឆ្នាំ ៤/ធឿន ហុងលី ភេទប្រុស អាយុ១៩ឆ្នាំ ៦/ អៀក ផល្លីន ភេទប្រុស អាយុ១៨ឆ្នាំ ៧/ ឃុន ភារុន ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកឯជនដែលគ្មានសារធាតុញៀន ហើយដោះលែងអោយមានសេរីភាពវិញនោះ មានឈ្មោះ១/លី អ៊ី ភេទស្រី អាយុ១៨ឆ្នាំ ២/ឈ្មោះ សុភ័ណ្ឌ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ ចាន់មករា ភេទប្រុសអាយុ១៨ឆ្នាំ ៤/ឈ្មោះហេង សុផាន់ ភេទប្រុស អាយុ១៨ឆ្នាំ ៥/ឈ្មោះ សួស ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ។
ប៉ូលិសបានឃាត់ខ្លួនពួកគេ និងសួរនាំ ដើម្បីកសាងឯកសារសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕ តុង សីហា