ខេត្តបាត់ដំបង៖ លោកឧកញ៉ា ប៉ូ គឹមថេង ប្រធានក្រុមហ៊ុននីជីរីជីន (ខូអិលឌីធី )មានទីតាំងស្ថិតនៅភូមិឆករការ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះថា ធ្វើសកម្មភាពប្រើប្រាស់គ្រឿងចក្រ កាយដីភ្នំ ដឹកតាមរថយន្តលុបចាក់រំលោភយកជ្រោះជ្រលងភ្នំ មួយកន្លែង ធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្បែរស្ពានអូររថក្រោះ អាចបង្កឱ្យប៉ះពាល់ រាំងស្ទះដល់ផ្លូវរំដោះទឹកភ្លៀងធ្លាក់ពីលើភ្នំពីទីខ្ពស់ ចូលទៅក្នុងអូររថក្រោះ។ មិនតែប៉ុណ្ណោះ ក៏អាចបង្កឱ្យអាចម៌ដីដែលរងការចាក់នោះហូរច្រោះ តាមទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ដល់ដីចំការប្រជាពលរដ្ឋនៅផ្នែកខាងក្រោមផងនោះដែរ ។ សកម្មភាពចាក់ដីរំលោភយកជ្រលងជ្រោះដងភ្នំ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិឆករការ ប្រាប់ឱ្យដឹងថា ធ្វើឡើងមានរយៈពេលជាច្រើនថ្ងៃមកហើយ គេសង្ស័យសកម្មភាពកាយភ្នំចាក់ដីនោះពីសំណាក់លោកឧកញ៉ា ប៉ូ គឹមថេង ធ្វើឡើងខុសច្បាប់ គេមិនឃើញ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធមិនបានចុះមកត្រួតពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវនោះឡើយ។
តំបន់ដីភ្នំដែលឧកញ៉ាប៉ូ គឹមថេង ប្រធានក្រុមហ៊ុននីជីរីជីន (ខូអិលឌីធី ) កំពុងធ្វើសកម្មភាពចាក់ដីលប់នោះដែរ ស្ថិតក្នុងតំបន់អភិរក្សធម្មជាតិចម្រុះច្រើនយ៉ាងស្រុកសំឡូត ដែលមានការគ្រប់គ្រងនិងអភិរក្ស ដែលគេចាត់ទុកជាដីរបស់រដ្ឋ ។
រដ្ឋមិនទាន់មានការអនុញ្ញាតចេញប័ណ្ណកាន់កាប់ដីធ្លីស្របច្បាប់ទៅឱ្យអ្នកណាម្នាក់នៅឡើយនោះទេ ។ ក៏ប៉ុន្តែមានសេចក្តីរាយការណ៍ឱ្យដឹងថា មានអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ បានចេញលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីបណ្តោះអាសន្ន ក្នុងតំបន់អភិរក្សធម្មជាតិច្រើនយ៉ាង ឱ្យប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងតំបន់នោះរួចហើយផងដែរ ។
ជុំវិញរងការចោទប្រកាន់ខាងលើ អ្នកយកព័ត៌មាននគរវត្តបានទំនាក់ទំនង លោកឧកញ៉ា ប៉ូ គឹមថេង ប្រធានក្រុមហ៊ុននីជីរីជីន (ខូអិលឌីធី )តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទរបស់ហៅចូលលោកគ្មានអ្នកទទួលនោះឡើយ ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ឥន្ទ សៅរិទ្ធ អភិបាលស្រុកសំឡូតបានបំភ្លឺឱ្យដឹងថា សកម្មភាពចាក់ដីនៅចំណុចខាងលើរបស់លោកឧកញ៉ា ប៉ូ គឹមថេង ធ្វើឡើងមិនមានការសុំច្បាប់ទម្លាប់អ្វីនោះឡើយ ។ ប៉ុន្តែការចាក់ដីនោះមិនមានការប៉ះពាល់បិទមុខទឹកនោះទេ វាជាជ្រលភ្នំមួយទៅភ្នំមួយទៀត គ្មានផ្លូវទឹកអ្វីនោះទេ តំបន់នេះ វានៅខាងក្រោមស្ពានតែប៉ុណ្ណោះ ។ ការពង្រីកដីរបស់ក្រុមហ៊ុន គឺដើម្បីស្តុកទំនិញ និងអភិវឌ្ឍតំបន់ព្រំដែនស្រុកសំឡូតផងដែរ ។
សូមបញ្ជាក់ថា តំបន់ព្រៃឈើអភិរក្សធម្មជាតិចម្រុះប្រើប្រាស់ច្រើនយ៉ាង បានលាតសន្ធឹងពីស្រុកសំឡូតរហូតដល់ក្រុងប៉ៃលិន មានផ្ទៃដីសរុបជាង៦ម៉ឺនហិកតា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ តំបន់ព្រៃឈើអភិរក្សធម្មជាតិចម្រុះប្រើប្រាស់ច្រើនយ៉ាង ត្រូវបានប្រជាលរដ្ឋឱ្យដឹងថា រងការកាប់ទន្រ្ទាន បាត់បង់ជាបណ្តើរនោះហើយ ។ មិនតែប៉ុណ្ណោះដីភ្នំក្រោយរងការកាប់ទន្រ្ទាន់ព្រៃឈើអស់ ជាពិសេសដីភ្នំនៅតំបន់ក្បែរច្រកព្រំដែន៤០០ ត្រូវបានអ្នធំ និងមានទ្រព្យធនមួយចំនួននាំគ្នាចូលទៅកាន់កាប់វាស់វែងបែងចែកគ្នាអស់ហើយ គ្រាដែលដីនៅតំបន់នោះកំពុងមានហាងឆេងខ្ពស់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកសំឡូត ដោយបាននិងកំពុងកសាងផ្លូវជាតិមួយខ្សែ តភ្ជាប់ពីស្រុករតនមណ្ឌល ចូលទៅដល់ច្រកទ្វារព្រំដែន៤០០ តែម្តង ការកសាងផ្លូវជាតិមួយខ្សែនោះសម្រេចបាន៦០ភាគរយនោះហើយ ៕ សំ វិច្ឆិកា