ខេត្តកណ្ដាល ៖ ក្រោយមានការចុះផ្សាយជាបន្តបន្ទាប់ករណីក្រុមឈ្មួញដឹកត្រីពី ប្រទេសវៀតណាម បំផ្លាញផ្លូវមួយខ្សែ នៅស្រុកកោះធំ ខេត្តកណ្ដាល ធ្វើដំណើរ លែងចង់កើតនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ឲ្យក្រុមមន្រ្តី ដឹកនាំ ដោយលោក ប៊ុន ហួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនចុះត្រួតពិនិត្យដល់មូលដ្ឋានតែម្ដង ។
ក្រោយរកឃើញបញ្ហាទាំងនោះហើយ លោកអនុរដ្ឋលេខាធិការ បានជូនព័ត៌មាន ទៅលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ភ្លាមៗ ហើយលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់វិញថា នឹងចុះអន្តរាគមន៍ចាត់វិធានការលើអ្នក ពាក់ព័ន្ធ ពិសេសក្រុមហ៊ុនដឹកត្រី និងក្រុម ហ៊ុនដឹកស្រូវនៅទីនោះ ។
លោក ប៊ុន ហួន បានឲ្យដឹងថា ស្ថានភាព ផ្លូវដែលមានបញ្ហានោះ ស្ថិតនៅក្នុងភូមិ ព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ឆ្ងាយពីវត្តព្រែកស្បូវប្រហែល៥ គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ២១ តែស្ថាន ភាពខូចខាតជង្ហុកសំបុកមាន់មានតែនៅ មុខកសិដ្ឋានចិញ្ចឹមត្រីតែប៉ុណ្ណោះ មិន អាក្រក់ដូចការលើកឡើងនោះទេ ។ ផ្លូវ មួយខ្សែនេះមួយកំណាត់ប្រវែង១០គីឡូ ម៉ែត្រកំពុងធ្វើការជួសជុល និងចាក់កៅ ស៊ូថ្មី ។
លោកថា ផ្លូវមួយខ្សែនេះត្រូវបានជួស ជុលដោយក្រុមហ៊ុនចំនួន២ រួមមាន ក្រុម ហ៊ុនដឹកស្រូវនៅមូលដ្ឋាននោះ និងក្រុម ហ៊ុនដឹកត្រី ពីតំបន់នោះឡើងមកភ្នំពេញ ហើយមិនមានប្រជាពលរដ្ឋរស់នៅច្រើននោះទេ មានតែមូលដ្ឋានកងវរៈការពារព្រំ ដែន និងគ្រួសារនគរបាល ព្រោះទីនោះ ជាច្រករបៀងជាប់ព្រំដែនវៀតណាម ។
ក្រុមការងាររបស់លោក ប៊ុន ហួនបាន រកឃើញថា មូលហេតុដែលបណ្ដាលឲ្យ ខូចផ្លូវនោះ គឺមកពីរថយន្តដឹកស្រូវលើសទម្ងន់ធ្ងន់ពេក ឯរថយន្តដឹកត្រីធ្វើឲ្យកំពប់ទឹកត្រីស្រោចលើផ្លូវទៀត ទើបបណ្តាលឲ្យ បែកភក់។
តែទោះជាយ៉ាងណាអនុរដ្ឋលេខាធិការរូបនេះបានជូនព័ត៌មានទៅ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួចហើយ ហើយ លោកទេសរដ្ឋមន្រ្តី នឹងបញ្ជាឲ្យក្រុមមន្រ្តីនាំជញ្ជីងចល័ត ចុះទៅអន្តរាគមន៍នៅទីនោះ ភ្លាម ដើម្បីត្រួតពិនិត្យរថយន្តណា ដែលដឹក លើសទម្ងន់ ។
លោក ប៊ុន ហួន បានពិភាក្សាជាមួយ អភិបាលស្រុកកោះធំរួចហើយ ដើម្បីធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនទាំង២នោះធ្វើយ៉ាងណាកុំឲ្យកំពប់ទឹកលើផ្លូវដូចមុន និង ត្រូវលុបជង្ហុកទាំងឡាយដែលមាននៅមុខ កសិដ្ឋានរបស់ខ្លួននោះ។
សូមជម្រាបថា នៅព្រឹកថ្ងៃម្សិលមិញ នេះមានប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេស ក្មេងសិស្សសាលាតូចៗ រស់ នៅស្រុកកោះធំខេត្តកណ្តាលបានត្អូញ ត្អែរយ៉ាងខ្លាំង ចំពោះស្ថានភាពផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានរបស់ខ្លួនប្រៀបដូចជាផ្លូវទៅកាន់ឋាននរកអ៊ីចឹងដោយសារតែក្រុមឈ្មួញរកស៊ីដឹកត្រីនាំមកពីវៀតណាមយកមកចែក ចាយនៅភ្នំពេញបានបំផ្លាញផ្លូវធ្វើដំណើរលែងចង់កើតទៅហើយ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបាន ថតរូបផ្ញើមកកាន់អ្នកសារព័ត៌មានសុំឲ្យ ជួយចុះផ្សាយពីស្ថានភាពផ្លូវមួយខ្សែនេះ ដើម្បីឲ្យអភិបាលខេត្តកណ្តាល និងប្រធានក្រុមការងារចុះជួយឃុំនេះដឹងផងពី ព្រោះ វាស្ទើរតែកន្លះជីវិតទៅហើយ ដែលក្រុម ឈ្មួញបានដឹកត្រីតាមរយៈរថយន្តធំៗ បំផ្លាញអស់ហើយ ។ បើតាមប្រជាពលរដ្ឋ បង្ហើបឲ្យដឹងថា ឈ្មួញដែលរកស៊ីដឹកត្រី បំផ្លាញផ្លូវនេះមានឈ្មោះ យូ រកស៊ីយូរឆ្នាំ មកហើយ ។ សម្រាប់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចវិញ គ្មានសិទ្ធិអំណាចទៅហាមឃាត់ការដឹកត្រីតាមរថយន្តធំៗទាំងនេះឡើយ ។
ប្រជាពលរដ្ឋបាននិយាយថា ឈ្មួញ ឈ្មោះ យូ នេះ បាននាំត្រីប្រភេទត្រីរ៉ស់ ត្រីឆ្តោ ត្រីទីឡាប់យ៉ា… ពីវៀតណាមមក ស្តុកទុកនៅក្នុងទឹកស្រះរបស់ខ្លួន រួចហើយ បន្តដឹកទៅចែកចាយនៅភ្នំពេញនិងតាម បណ្តាខេត្តមួយចំនួនទៀត ។
ប្រជាពលរដ្ឋសង្ឃឹមថាថ្នាក់ដឹកនាំខេត្តកណ្តាល នឹងជួយដោះស្រាយបញ្ហានេះ ជាក់ជាមិនខានឡើយ ដើម្បីកុំឲ្យរាស្រ្តរស់ នៅនិងធ្វើដំណើរក្នុងរូបភាពលំបាកបែបនេះទៀត ពីព្រោះជិតដល់រដូវកាលបោះ ឆ្នោតផង ៕ ហេង នរិន្រ្ទ