ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តបុកខឿនសួនច្បារខូចមួយដុំនៅមុខក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុកខឿនសួនច្បារចំប៉ី មុខក្រសួងការពារជាតិ បណ្តាលឲ្យខូចបែកមួយផ្ទាំង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ មិត្តភាព ខណ្ឌ៧មករា ។

ជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាក កាមរីហាយប្រីដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8071 ។

តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទឹសដៅពីលិចទៅកើត ។ ពេលបើកមកដល់ចំណុចមុខក្រសួងការពារជាតិ រថយន្តក៏រេចង្កូតមកខាងស្តាំដៃបុកខឿនសួនច្បារបណ្តាលឲ្យបែកខឿនមួយដុំ និងរថយន្តបានដាច់កាឡេកង់មុខខាងស្តាំ ទៅមុខលែងរួច ។ ភ្លាមៗនោះ គេបានឃើញអ្នកបើកចុះពីក្នុងរថយន្តដោយកាយវិការទ្រេតទ្រូតដើរគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានវាស់វែង ហើយបានទាក់ទងទៅកំលាំងជំនាញដើម្បីស្ទួចយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖