ព័ត៌មានទាន់ហេតុការណ៍៖

តាមចាប់ជនសង្ស័យឆក់កាបូបមានទូរស័ព្ទបំពាក់ Find my iPhone បានតែម៉ូតូជនស័្សយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីរងគ្រោះដោយចោរឆក់កាបូបម្នាក់រួមនឹងក្រុមគ្រួសារសហការជាមួយនគរបាលមូលដ្ឋាន បាន នាំគ្នាដេញតាមចោរឆក់កាបូបដល់ក្នុងផ្ទះខណៈស្រ្តីរូបនេះទើបជិះរថយន្តត្រឡប់មកពីភ្ជាប់ពាក្យបងប្អូនដល់ផ្ទះហើយកំពុងជញ្ជូនអីវ៉ាន់ចេញពីរថយន្តចូលផ្ទះ ត្រូវចោរឆក់កាបូបយកទៅបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ មេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៧១E១ ផ្លូវលេខ២៤៥ ភូមិ១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ ប៉ុន្តែដោយសារនៅក្នុងកាបូបដែលចោរឆក់យកទៅនោះ មានទូរស័ព្ទទំនើបដែលភ្ជាប់ប្រព័ន្ធ Find my iPhone ក្រុមគ្រួសារស្រី្តរងគ្រោះនិងសមត្ថកិច្ចបានតាមរកឃើញវិញនៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ នាវេលាម៉ោង១០និង២០នាទីយប់ថ្ងៃដដែល ឯជនសង្ស័យបានគេចខ្លួនបាត់។

ស្ត្រីជាម្ចាស់កាបូបត្រូវបានគេស្គាល់ឈ្មោះ ឈួរ ឌីណា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបនឹងមកពីកម្មវិធីភ្ជាប់ពាក្យប្អូនថ្លៃនៅស្រុកកោះធំ ខេត្តកណ្តាល ហើយពេលមកដល់ផ្ទះ គាត់និងស្វាមីបានចុះពីរថយន្តដើម្បីជញ្ចូនអីវ៉ាន់ពីរថយន្តដាក់ចូលទៅក្នុងផ្ទះ ដោយមានស្ពាយកាបូបនៅនឹងស្មាខាងឆ្វេងផង ។ ខណៈកំពុងជញ្ចូនអីវ៉ាន់ក្បែររថយន្តនោះ ស្រាប់តែមានជនម្នាក់ជិះម៉ូតូហុងដាសេ១២៥មិនចាំផ្លាកលេខមួយមកឈប់នៅក្បែរគាត់ រួចស្ទុះទៅឆក់កាបូបពីស្មាគាត់បណ្តាលឲ្យគាត់ដួលរួចបានជិះម៉ូតូយកកាបូបគេចខ្លួនបាត់ស្រមោលតែម្តង ។

ស្រី្តរងគ្រោះបានបន្តថា នៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅនោះមានលុយសរុបជាង១ពាន់ដុល្លារ និងទូរស័ព្ទអាយហ្វូន៦Plus ចំនួន៣គ្រឿង ។ដោយសារទូរស័ព្ទនៅក្នុងកាបូបមានភ្ជាប់ប្រព័ន្ធ Find My iPhone ធ្វើឲ្យរូបគាត់និងប្តីព្រមទាំងកូនប្រុសនាំគ្នាតាមស្វែងដល់ភូមិព្រៃសាលា សង្កាត់កាកាប ទើបដឹងថាទូរស័ព្ទរបស់គាត់នៅទីនេះទើបទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ ។ លុះពេលសមត្ថកិច្ចមូលដ្ឋានទៅដល់ចូលដល់ទីតាំងដែលមានលោតសញ្ញាដៅសម្គាល់ក៏ នាំគ្នាដើររកក៏ប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខដាក់ក្នុងផ្ទះនាំគ្នាស្ទាបម៉ាស៊ីនឃើញថានៅក្តៅៗនៅឡើយ ។បន្ទាប់មកសមត្ថកិច្ចបានសួររកម្ចាស់ ក៏មានបុរសម្នាក់អះអាងថាជាម៉ូតូរបស់ខ្លួន និងប្រាប់ថារូបគេទើបតែមកជួលផ្ទះនៅទីនេះបាន១ថ្ងៃប៉ុណ្ណោះ ។ សមត្ថកិច្ចបានសួរទៀតថា តើប្អូនឯងទើបមកពីណា? ជនសង្ស័យឆ្លើយថា ខ្លួនមកពីហូបបង្អែមនៅម្តុំត្រឡោកបែករឹតតែ ធ្វើឲ្យសមត្ថកិច្ច ក៏សុំចូលឆែកឆេរក្នុងបន្ទប់ ហើយភ្លាមនោះជនសង្ស័យបានបន្លំដើរចេញរួចរត់គេចបាត់ស្រមោលទៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈកំពុងឆែកឆេរ ក៏បានរកឃើញកាត ATMរបស់ស្ត្រីម្ចាស់កាបូបជ្រុះនៅក្រោមគ្រែទើបប្រាកដច្បាស់ថាពិតជាម្ចាស់បន្ទប់នេះជាអ្នកប្រព្រឹត្តតែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ ។ បន្ទាប់មកសមត្ថកិច្ចបាននាំគ្នាវាយកម្ទេចតុឈើមួយនៅក្នុងបន្ទប់នោះស្រាប់តែរកឃើញមានលុយខ្មែរចំនួន១លាននិង១០ម៉ឺនរៀល និងទូរស័ព្ទ៦plus មួយគ្រឿងដែលមានភ្ជាប់ប្រព័ន្ធ Find my iPhone ជាកម្មសិទ្ធិរបស់ជនរងគ្រោះនៅក្នុងកេសតុនោះ រួមនឹងកាត ATM មួយចំនួនផ្សេងទៀតច្រកក្នុងថង់ខ្មៅទុកនៅមុខបន្ទប់ទៀតផង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលមានភស្តុតាងដូច្នេះក៏សម្រេចយកម៉ូតូរបស់ជនសង្ស័យដែលបន្សល់ទុក យកទៅកាន់ប៉ុស្តិ៍នគរបាលកាកាប ដើម្បីចាត់ការតាមច្បាប់ និងឲ្យម្ចាស់កាបូប ដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖