ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជិះរថយន្តធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកស្អាងក្របួច

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង​ឡោមព័ទ្ធក្របួចចាប់ខ្លួន គ្រាដែលជនសង្ស័យរូបនេះនិងបក្ខពួកជិះរថយន្តដោយយកគ្រឿង​ញៀនម៉ាទឹកកកលាក់ទុកនៅក្នុងតុក្តារូបគោធ្វើសកម្មភាពជួញ​ដូរ ។

ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើង កាលពីវេលា​ម៉ោង១៧ និង១៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្ទះជនសង្ស័យ​ឈ្មោះ ខុន សុខា ស្ថិតក្នុងភូមិឬស្សី​ស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន​ចាប់ខ្លួននោះឈ្មោះ ខុន សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ជាងជួសជុលរថយន្ត មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ។ ចំណែកឯជនសង្ស័យដែលរត់គេចខ្លួន​នោះឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ជាមុខសញ្ញាជួញដូរគ្រឿងញៀន​ដ៏សកម្ម កន្លងមកធ្លាប់ជាប់ពន្ថនាគារខេត្តកណ្តាលពីបទជួញដូរគ្រឿងញៀន) មានទីលំនៅភូមិ ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុ​តាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់ធំ-៣កញ្ចប់តូច ដែលជន​សង្ស័យមានលាក់នៅក្នុងតុក្តារូបគោ ,រថយន្តស្ព័រមួយគ្រឿង ស៊េរីចាស់ ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ 2E-4509 ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌​មានថា ជនសង្ស័យឈ្មោះ ហុង រដ្ឋា ជិះរថយន្តជាមួយជនសង្ស័យឈ្មោះ ខុន សុខា ធ្វើ​សកម្ម​ភាពជួញដូរគ្រឿងញៀននៅក្នុងភូមិសាស្ត្រឃុំខ្ពបរួចមក លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍​រដ្ឋបាលខ្ពប ចុះធ្វើការស្រាវជ្រាវរហូតប្រទះឃើញជនសង្ស័យបើករថយន្តចូលទៅក្នុងបរិវេន​ផ្ទះ ទើបលោកអធិការសុំបទបញ្ជាពី ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល និងសុំការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុន សុខា ដល់លំនៅឋាន និងធ្វើការឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ដែលក្រុមជន​សង្ស័យលាក់ទុកនៅក្នុងតុក្តារូបគោ និងបន្តឆែកឆេរលំនៅឋានដកហូតបានវត្ថុតាងពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បីចាត់ការតាមច្បាប់ ។ ចំពោះជនសង្ស័យឈ្មោះ ហុង រដ្ឋា ដឹងខ្លួន​មុន​ពេលសមត្ថកិច្ចចុះទៅដល់បានឡើងជិះម៉ូតូជាមួយបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ៕ ស្អាងជ័យ


ចែករំលែក៖