ភ្នំពេញ៖ តារាសម្តែងសាច់ខ្ចីទ្រលុកទ្រលន់ ហេង ស្រីពេជ្រ ទើបនឹងប្រកាសមានស្នេហាឆ្លងទ្វីបមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ នាងលើកឡើងថា ស្នេហានេះបានបញ្ចប់ទៅវិញហើយ។ នាងលើកឡើងថា ការបញ្ចប់ស្នេហាដ៏ខ្លីនេះ ព្រោះតែបុរសឯនាសមុទ្រចង់ឲ្យនាងបញ្ចប់ជីវិតសិល្បៈហើយ ចេញទៅសាងស្នេហ៍រួមគ្នា ។
ក្រោយពីលេចធ្លោជាមួយការងារសិល្បៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេង ស្រីពេជ្រ ចាប់ផ្តើមបង្ហើបពីពន្លឺស្នេហ៍ជាមួយបុរសអាណិកជនរស់នៅសហរដ្ឋអាមេរិកម្នាក់ ដែលនាងបានស្គាល់តាមរយៈបណ្តាញទំនាក់ទំនងសង្គម ។ តារាស្រីរូបនេះបញ្ជាក់ថា ទើបស្គាល់គ្នាមិនទាន់បានកន្លះឆ្នាំផង បុរសនោះសុំនាងរៀបការភ្លែត ប៉ុន្តែនាងបានបដិសេធជាញឹកញាប់។
នាងថា ចង់ស្វែងយល់ចិត្តមនុស្សប្រុសឲ្យបានយូរបន្តិចសិន បើទោះបីជាបុរសនោះលើកឡើងថា នឹងជិះយន្តហោះមកជួបនាងភ្លាមប្រសិនបើនាងយល់ព្រម។ នាងបន្តថា វ័យនាងច្រើនហើយដែរ មិនមែនមិនចង់គិតគូររឿងស្នេហាអីទេ ប៉ុន្តែនាងធ្លាប់ជួប ស្នេហ៍កន្លងមក ដែលធ្វើឲ្យនាងឈឺចាប់ខ្លាំងស្ទើរលែងចង់រស់នោះ។ នាងបន្តថា បុរសដែលនាងស្គាល់ហើយអះអាងថា ខ្លួនជាកំលោះចាស់នោះ បានព្យាយាមលួងលោមឲ្យនាងបោះបង់ចោលការងារសិល្បៈ ហើយរៀបការជាមួយខ្លួន ដើម្បីចេញទៅរស់នៅសហរដ្ឋអាមេរិកភ្លាម ។ នាងបញ្ជាក់ដែរថា នាងនៅតែស្រឡាញ់ការងារសម្តែង ទើបរារែកក្នុងការទទួលយកស្នេហាថ្មី ហើយអ្វីដែលសំខាន់គឺនាងត្រូវទទួលភារៈជួយដល់ក្រុមគ្រួសារ ពិសេសឪពុកដែលត្រូវការការមើលថែ និងចំណាយលើការទិញថ្នាំជាប្រចាំ។ តារាស្រីអភព្វស្នេហ៍រូបនេះ បន្តថា ឪពុកនាងបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន រហូតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅប្រទេសជិតខាង ហើយត្រូវបន្តទទួលទានថ្នាំពេទ្យជាប្រចាំ ដែលតម្រូវឲ្យនាងជាកូនស្វែងរកថវិកា ដើម្បីសម្រួលបញ្ហាគ្រួសារនេះ ។ នាងថា បុរសដែលស្រឡាញ់នាង ហាក់រារែកចិត្តនៅពេលដែលនាងលើកបញ្ហានេះប្រាប់ ទើបនាងសម្រេចចិត្តផ្តាច់ស្នេហាថ្មីនេះភ្លាម ហើយបន្តការងារសិល្បៈដើម្បីបំពេញបំណងខ្លួនឯង និងអាចមានឱកាសជួយដល់ក្រុមគ្រួសារបាន ។
តារាសម្ដែងច្រើនតែ ទទួលបានតំណែងជាតួជំទាវ តួបងស្រី និងតួឆ្នាស់ឆ្នើម រូបនេះលើកឡើងថា ទាំងការសម្ដែងភាពយន្តភាគ រឿងដុំ សម្ដែងបទចម្រៀង និងការងារសិល្បៈជាច្រើនទៀត ជាហេតុធ្វើឲ្យនាងកាន់តែមានទីផ្សារ ទូលំទូលាយ ។ នាងបាននឹងកំពុងថតភាពយន្តជាច្រើនដូចជា រឿង “កំលោះយំ ក្រមុំសើច”, “កូនក្រមុំជើងល្អ”, “ខ្សែកពេជ្រ”, “សង្រ្គាមមរតក”, “ឈាមស្នេហ៍ក្បត់បេះ”,” អំពិលផ្អែម”, “ក្រមុំបេះដូងដែក ប៉ះអង្គរក្សចិត្តខ្លាំង”, “ស្នេហ៍ពនេចរ”,”នំបុ័ងសុបិន្តស្នេហ៍” និងរឿង «ជួបស៊យ» ជាដើម ៕ វឌ្ឍនា