ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឡោមព័ទ្ធក្របួចចាប់ខ្លួន គ្រាដែលជនសង្ស័យរូបនេះនិងបក្ខពួកជិះរថយន្តដោយយកគ្រឿងញៀនម៉ាទឹកកកលាក់ទុកនៅក្នុងតុក្តារូបគោធ្វើសកម្មភាពជួញដូរ ។
ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្ទះជនសង្ស័យឈ្មោះ ខុន សុខា ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ខុន សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ។ ចំណែកឯជនសង្ស័យដែលរត់គេចខ្លួននោះឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម កន្លងមកធ្លាប់ជាប់ពន្ថនាគារខេត្តកណ្តាលពីបទជួញដូរគ្រឿងញៀន) មានទីលំនៅភូមិ ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់ធំ-៣កញ្ចប់តូច ដែលជនសង្ស័យមានលាក់នៅក្នុងតុក្តារូបគោ ,រថយន្តស្ព័រមួយគ្រឿង ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-4509 ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា ជនសង្ស័យឈ្មោះ ហុង រដ្ឋា ជិះរថយន្តជាមួយជនសង្ស័យឈ្មោះ ខុន សុខា ធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិសាស្ត្រឃុំខ្ពបរួចមក លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ចុះធ្វើការស្រាវជ្រាវរហូតប្រទះឃើញជនសង្ស័យបើករថយន្តចូលទៅក្នុងបរិវេនផ្ទះ ទើបលោកអធិការសុំបទបញ្ជាពី ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល និងសុំការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុន សុខា ដល់លំនៅឋាន និងធ្វើការឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ដែលក្រុមជនសង្ស័យលាក់ទុកនៅក្នុងតុក្តារូបគោ និងបន្តឆែកឆេរលំនៅឋានដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចាត់ការតាមច្បាប់ ។ ចំពោះជនសង្ស័យឈ្មោះ ហុង រដ្ឋា ដឹងខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់បានឡើងជិះម៉ូតូជាមួយបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ៕ ស្អាងជ័យ