ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកSsangyongបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តដឹកទឹកកករងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

 

ភ្នំពេញ៖ រថយន្តម៉ាក Ssangyong ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ១គ្រឿង បើកបុករថយន្តដឹកទឹកកកអនាម័យ១គ្រឿង បណ្តាលឲ្យខ្ទាតទៅបុកជញ្ជាំងប៉ាណូពិភពថ្មី រងការខូចខាត រីឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវបេតុង ចូលបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Ssangyong១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 25 2-0423 បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនឹងរថយន្តដឹកទឹកកកពេញទំហឹងពីក្រោយជាប្រភេទរថយន្តកូរ៉េ ពណ៌ស ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-7835 បណ្តាលឲ្យរថយន្តដឹកទឹកកកអនាម័យ ខ្ទាតរេចង្កូតទៅបុកជញ្ជាំងប៉ាណូពិភពថ្មី រងការខូចខាត រីឯរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ គេឃើញមានមនុស្សមកសណ្តោងយករថយន្តចេញពីកន្លែងកើតហេតុអស់ គេមិនដឹងថា ភាគីទាំងសងខាងដោះស្រាយគ្នាដោយវិធីនោះទេ។

បើតាមសម្តីរបស់លោក ហឿន វឿន នាយផ្នែកនគរបាលចរាចរណ៍ខណ្ឌសែនសុខបានឲ្យដឹងថា លោកមិនបានដឹងរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើទេ ព្រោះមិនមានអ្នករាយការណ៍ ។ លោកបន្តថា ប្រហែលជាភាគីទាំងពីរដោះស្រាយគ្នាបញ្ចប់រឿងដោយខ្លួនឯងហើយ ទើបមិនរាយការណ៍ប្រាប់សមត្ថកិច្ច៕ តុង សីហា


ចែករំលែក៖