ព័ត៌មានទាន់ហេតុការណ៍៖

បុរស៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបើកម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៦

ចែករំលែក៖

ខេត្តកណ្តាលៈ បុរស៣នាក់ក្នុងនោះ២នាក់ រងរបួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើកម៉ូតូ​បុកគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូមែតលេខ៣៤-៣៥ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ស្ពឺ1F-4593 បើកបរដោយឈ្មោះ ភួង សុភាង ភេទប្រុស អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ។ ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-9082 បើកបរដោយឈ្មោះ រ័ត្ឋ ប្រុសនាង ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសធ្ងន់) មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) ។ អ្នកទាំង២មានទីលំនៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង ខណៈបើកដល់ចំណុចកើតហេតុបានបើកបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវម៉ូតូម៉ាកហុងដា​ឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ បើកច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្តាល​ឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវធ្វើឲ្យមនុស្សទាំង៣នាក់រងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសាមុយ​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវ​បានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ ៕​ ស្អាងជ័យ


ចែករំលែក៖