ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់ ដែលគេដឹងថា ជាថៅកែធំគ្រាន់បើរកស៊ីទិញគ្រាប់ស្វាយចន្ទី សង្ស័យជំពាក់ប្រាក់គេដល់ក គ្មានលុយសង ក៏ប្រឌិតរឿងថា ចោរបានប្លន់ប្រាក់របស់គាត់អស់ជិត៥ម៉ឺនខណៈដែលគាត់យកប្រាក់នោះទៅសងគេ ។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល ទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកាលពីថ្ងៃ ទី៤ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែដោយសារ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញស្ទាក់គ្រប់ ច្រកល្ហកដើម្បីចាប់ខ្លួនក្រុមចោរប្លន់ និង ប្រើជំនាញសាកសួរស្ត្រីរងគ្រោះទើបដឹង ថានេះជាករណីប្រឌិត។
ស្ត្រីដែលប្រឌិតរឿងចោរប្លន់ប្រាក់នេះ ឈ្មោះ ឡេង សុជាតា ហៅស្រីហេង អាយុ ២៥ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំ សុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បើតាមអធិការនគរបាលស្រុកស្ទឹង ត្រង់លោកវរសេនីយ៍ទោ ខេង ស្រេង បាន ឲ្យដឹងនៅក្រោយមានហេតុការណ៍នេះថា បន្ទាប់ពីសមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់ មាត់ពីស្ត្រីខាងលើកម្លាំងសមត្ថកិច្ចស្រុក ស្ទឹងត្រង់ និងស្រុកចំការលើបានពួនស្ទាក់ គ្រប់ច្រកល្ហកបន្ទាប់ពីស្ត្រីខាងលើបាន អះអាងថា មានចោរប្លន់៣នាក់ជិះម៉ូតូ១ គ្រឿងបានប្លន់យកប្រាក់របស់គាត់អស់ ចំនួន៤៥.០០០ដុល្លារ ។ ពេលនោះកម្លាំង សមត្ថកិច្ចទាំង២ស្រុក និងមន្ត្រីនគរបាល មូលដ្ឋានបានរាយកម្លាំងស្ទាក់តាមផ្លូវ សំខាន់ៗ ប៉ុន្តែមិនបានប្រទះឃើញជន សង្ស័យណាម្នាក់នោះឡើយ។ លុះរហូត ដល់ល្ងាចថ្ងៃដដែលដោយសមត្ថកិច្ចជំនាញ ប្រើវិធីសាកសួរទើបស្ត្រីខាងលើបានសារ ភាពថា ដោយសារតែខ្លួនជំពាក់បំណុល គេច្រើនពេកបើសរុបជាទឹកប្រាក់ចំនួន ៥៥.០០០ដុល្លារគ្មានលុយសងទើបប្រឌិត រឿងដើម្បីជាការយកលេសពន្យារការសងប្រាក់ដល់ម្ចាស់បំណុល ។
លោកអធិការបានបន្តថា យោងតាម ចម្លើយសារភាព និងមានចេតនាកុហក សមត្ថកិច្ចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងខាយបង់ពេលវេលា សមត្ថកិច្ចនោះ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនស្ត្រីខាងលើទៅ តុលាការដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងបទ ភូតកុហកសមត្ថកិច្ច ៕ សហការី