ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គ្រាដែលចរាចរណ៍កកស្ទះរាល់ថ្ងៃនៅមានរោងការសង់បិទផ្លូវថែមទៀត

ចែករំលែក៖

ក្នុងនាមបុគ្គលិក មន្ត្រីរាជការ ដែលបម្រើការងារនៅតាមក្រសួងមន្ទីរ នាងខ្ញុំមិនអស់ចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរចុះហត្ថលេខាឲ្យមានរោងការសង់បិទផ្លូវទាំងស្រុង នៅគ្រាដែលចរាចរណ៍នៅក្នុងទីក្រុងមួយនេះ កំពុងកកស្ទះជារៀងរាល់ថ្ងៃនោះ ។ ការយោគយល់គ្នារវាងជាតិសាសន៍មួយ គឺជារឿងសំខាន់ ពីព្រោះថា គ្មានអ្នកណា ស្លាប់ពីរដង ឬរៀបការរាល់ថ្ងៃនោះទេ ។ ដូច្នេះ ការសង់រោងបុណ្យ ឬការ ក៏មិនអាចធ្វើរាល់ថ្ងៃនោះដែរ ។ យូរៗម្តង សង់រោងបិទផ្លូវ វាជាការដែលអ្នកប្រើប្រាស់ផ្លូវគួរយោគយល់គ្នាផង ។

សម្រាប់នាងខ្ញុំក៏មិនបដិសេធន៍ចំពោះការសង់រោងដើម្បីរៀបចំពិធីបុណ្យ ឬមង្គលការនោះដែរ ។ ប៉ុន្តែអាជ្ញាធរគួរតែ ពិនិត្យលទ្ធភាព ទុកផ្លូវសមល្មមសម្រាប់ឲ្យអ្នកដំណើរតាមរយៈម៉ូតូអាចឆ្លងកាត់បានខ្លះផង ។ មិនគួរអនុញ្ញាតឲ្យសង់រោងធំពេកបិទកាត់ទទឹងផ្លូវយ៉ាងនេះទេ ។ លើសពីនេះទៅទៀត ស្លាកសញ្ញាសុំការអនុគ្រោះ ក៏មិនបានដាក់ផ្តល់ជូនជាដំណឹងសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់រោងការ ឬបុណ្យនោះដែរ ។ ពេលជិះម៉ូតូមកដល់រោងបុណ្យ ឬរោងការ ទើបឃើញសញ្ញាថា មិនអាចឆ្លងកាត់បាន ដែលតម្រូវឲ្យអ្នកដំណើរទាំងឡាយត្រូវបកត្រឡប់ក្រោយទាំងទទឹងទទែង ។

ករណីខាងលើនេះ បានកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ គ្រាន់តែថា ម្តងនៅផ្លូវនេះ ម្តងនៅផ្លូវនោះ ។ តាមនាងខ្ញុំ អាជ្ញាធរដែលអនុញ្ញាតច្បាប់ឲ្យសង់រោងអាពាហ៍ពិពាហ៍ ឬរោងបុណ្យ គួរពិនិត្យលទ្ធភាពទុកផ្លូវសម្រាប់អ្នកធ្វើដំណើរអាចឆ្លងកាត់បានខ្លះ មិនមែនត្រូវបិទខ្សែផ្លូវមួយទាំងស្រុងយ៉ាងនេះទេ ។ ប្រជាពលរដ្ឋពិតជាជួបប្រទះនឹងការលំបាក ក្នុងការធ្វើដំណើរ ដែលកកស្ទះចរាចរណ៍រាល់ថ្ងៃនេះខ្លាំងណាស់ ។ អាជ្ញាធរ អាចទទួលបានផលប្រយោជន៍តិចតួចក្នុងកម្រិតណាមួយពីម្ចាស់កម្មវិធី ប៉ុន្តែសេចក្តីជេរប្រទេចពីអ្នកធ្វើដំណើរ ក៏ច្រើនណាស់ដែរ ។ នាងខ្ញុំរំពឹងថា រឿងធ្វើរោងបុណ្យ រោងការបិទផ្លូវនេះ អាជ្ញាធរគួរពិចារណាឡើងវិញ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖