ភ្នំពេញ៖ ជនបរទេសចំនួន៦នាក់ ក្នុងនោះមានជនជាតិ នីហ្សេនីយ៉ាចំនួន៤នាក់ និងជនជាតិបង់យក្លាដែស ចំនួន២នាក់ ដែលបានឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការងារនៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនិតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ស្រាវជ្រាវនិងឃាត់ខ្លួនបាន។
នគរបាលបានអះអាងថា ពួកគេមានលិខិតឆ្លងដែនត្រឹម ត្រូវ ប៉ុន្តែមានកំហុសផ្សេងទៀត ទើបត្រូវបានកម្លាំងឃាត់ខ្លួន បន្ទាប់មកបានបញ្ជូនបន្តទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ដើម្បីចាត់ការតាមច្បាប់។
ប្រតិបត្តិការនោះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ១៧ ក្នុងបុរីពិភពថ្មី ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយ មានការសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ប៉ុន្តែមិនមានការចូលរួមសម្របសម្រួលពីព្រះរាជ អាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញឡើយ ។
នគរបាលខាងលើបានឲ្យដឹងថា ការចុះទៅឃាត់ខ្លួនជនបរទេសខាងលើ គឺធ្វើឡើងក្រោយពេលកម្លាំងស្រាវជ្រាវ និងស៊ើបអង្កេតមួយរយៈពេលកន្លងមកហើយ រហូតទទួលបានព័ត៌មានជាក់លាក់ថា មានជនជាតិ ស្បែកខ្មៅកំពុងស្នាក់នៅចំណុចខាងលើ។
ក្រោយពេលស៊ើបដឹងសង្ស័យថា ពួកគេ ស្នាក់នៅដោយខុសច្បាប់ កម្លាំងនគរបាលនាយក ដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃក៏ បានសហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន សង្កាត់ចោមចៅចុះទៅឆែកឆេរ និងឃាត់ខ្លួនបាន ចំនួន៦នាក់ ក្នុងនោះមាន ជនជាតិនីហ្សេនីយ៉ាចំនួន៤នាក់ និងជនជាតិបង់យក្លាដែសចំនួន២នាក់។
អ្នក ទាំងនោះមានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែមានកំហុសផ្សេងទៀត៕ សុខាសែនជ័យ