ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តឧត្តមានជ័យចេញបទបញ្ជាបញ្ឈប់សកម្មភាពនាំធ្យូងទៅប្រទេសថៃ ក្រោយបែកធ្លាយមេឈ្មួញយកឈ្មោះបក្សប្រើ

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ ក្រោយពីមានការបែកធ្លាយរឿងមេឈ្មួញនាំធ្យូងឆ្លងដែន ទៅលក់ឲ្យក្រុមហ៊ុននៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូស្មាច់ ជាអ្នកមានអំណាចហើយយកឈ្មោះបក្សទៅប្រើ លោកសរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ បានចេញបទបញ្ជាឲ្យបិទជាបន្ទាន់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ តែមិនទាន់ដឹងថា មានប្រសិទ្ធភាព ឬយ៉ាងណានោះទេ ពីព្រោះឈ្មួញរូបនោះបានធ្វើសកម្មភាពច្រើនឆ្នាំមកហើយ ។

មេឈ្មួញប្រមូលទិញធ្យូងឆ្លងដែនលក់ឲ្យក្រុមហ៊ុនថៃ ត្រូវបានគេស្គាល់ឈ្មោះលោកវរៈសេនីយ៍ឯក កែវ ថាណាក់ និងប្រពន្ធឈ្មោះ ចែធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញពីរនាក់ប្ដីប្រពន្ធខាងលើ កំពុងធ្វើសកម្មភាពប្រមូលទិញធ្យូងរហូតដល់ទៅពីរខេត្តឯណោះ គឺក្នុងស្រុកវ៉ារិន ខេត្តសៀមរាប និងទូទាំងស្រុកទាំងប្រាំ នៅខេត្តឧត្តមានជ័យ ។

សមត្ថកិច្ចម្នាក់បានលួចខ្សឹបក្រុមការងារថា លោកមិនហ៊ានប៉ះពល់ទេ ព្រោះសួរទៅគេថាយកទៅជួយបក្ស ដោយមានលោកនេះ លោកនោះ នៅពីក្រោយខ្នង ។

លោកសរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យបានឲ្យដឹងថា លោកនឹងបិទសកម្មភាពនាំធ្យូងឆ្លងដែននេះភ្លាម ពីព្រោះគេជាអ្នកធ្វើ គេជាអ្នកទទួលផល រីឯរូបលោកបានតែរឿងតែប៉ុណ្ណោះ ៕ ប៉ែន នួន


ចែករំលែក៖