ប៉ោយប៉ែត៖ ពលករខ្មែរ10នាក់ ដែលឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង ត្រូវសមត្ថកិច្ចថៃចាប់ដាក់ពន្ធធនាគារ៥ថ្ងៃ ត្រូវអគ្គកុងកម្ពុជាជួយសង្គ្រោះមកកម្ពុជាវិញ កាលពីម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសម្របសម្រួលសុំអោយអាជ្ញាធរថៃដោះលែង ។
ពលរដ្ឋទាំងនេះថា ពួកគេត្រូវមេខ្យល់នាំលួចឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងតាមច្រកចំការគរ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានឈ្មោះ ១. ពេជ្រ ម៉ី ភេទប្រុស អាយុ ២៦ឆ្នាំ , ២. សល់ ភា ភេទប្រុស អាយុ ៣៦ឆ្នាំ ,៣. ឈាវ ធី ភេទ ប្រុស អាយុ២៣ឆ្នាំ ,៤.ទី អៀប ភេទប្រុស អាយុ ២៣ ឆ្នាំ ,៥. ថន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ, ៦.វីន សល់ ភេទប្រុស អាយុ ២៧ឆ្នាំ, ៧.នេត្រ ផល្លា អាយុ៣០ឆ្នាំ, ៨. គឹម មឿន ភេទប្រុស អាយុ២៥ឆ្នាំ, ៩.ថុល ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ , ១០. វ៉េត អ៊ិន ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកទាំង១០នាក់មានទីលំនៅ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។
របាយការណ៍កុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវថា៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ម៉ោងប្រមាណ ១២និង០០នាទី ពលរដ្ឋខ្មែរ១០នាក់ ត្រូវបានអាជ្ងាធរមូលដ្ឋានថៃ សហការជាមួយកម្លាំងអភិរក្សព្រៃឈើ ឧទ្យានជាតិប៉ាងស៊ីដា បានល្បាត និងប្រទះឃើញពលករខ្មែរចំនួន១៥នាក់ កំពុងដើររកកាប់ឈើគ្រញូង បានឃាត់ខ្លួនចំនួន១០នាក់ប៉ុណ្ណោះ នៅក្នុងឧទ្យានជាតិប៉ាងស៊ីដា ដែលស្ថិតនៅ ភូមិណយ ឃុំថាយែក ស្រុកមឿងសាកែវ ខេត្តសាកែវ ប្រទេសថៃ។
ប្រភពបន្ថែមថា ទាំង១០នាក់ ត្រូវបានកាត់ទោស និងផាកវិន័យក្នុងម្នាក់ ចំនួន ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់ចូលឧទ្យានជាតិ ។ ដោយមានការសម្របសម្រួល ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជាមួយអាជ្ញាធរថៃ ពលរដ្ឋទាំងនេះត្រូវបានដោះលែងចេញពីពន្ធធនាគារខេត្តស្រះកែវវិញ នៅម៉ោង ១៥និង ០០នាទី ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៧ ៕ វណ្ណា