ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេចតែត្រូវប្រជាពលរដ្ឋចាប់បានស្វាគមន៍ឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់រួចវាយម្នាក់១ដៃ១ជើងឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យរូបនោះធ្វើសកម្មភាពឆក់កាបូបបានសម្រេច ។

លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាល ព្រែកប្រា បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ដឹម នី អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងុងកណ្ដាល សង្កាត់និរោតន៍ ខណ្ឌច្បារអំពៅ ។ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ឃឹម រស្មី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាងអ៊ុតសក់នៅម្ដុំផ្សារចាស់ ស្នាក់នៅភូមិអូអណ្ដូង សង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាលព្រែកប្រា បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូចេញពីអ៊ុតសក់នៅម្ដុំផ្សារចាស់ ហើយជិះម៉ូតូមកផ្ទះ ដោយធ្វើដំណើរកាត់ផ្លូវកន្លែងកើតហេតុ ។ ខណះពេលជិះដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបពីនារីខាងលើបានសម្រេចនិងបណ្ដាលឲ្យជនរងគ្រោះដួលត្រណួកត្រណែលថែមទៀត ហើយជនសង្ស័យពេលជិះបានប្រហែល៥០ម៉ែត្រក៏បានដួលផងដែរ ធ្វើឲ្យជនរងគ្រោះរត់ទៅទាញយកកាបូបវិញ និងប្រតាយប្រតប់ជាមួយជនសង្ស័យថែមទៀត ភ្លាមៗក៏មានបងប្អូនប្រជាពលរដ្ឋដែនៅក្បែនោះឃើញដូច្នេះក៏ជួយចាប់បាននិងស្វាគមន៍ម្នាក់មួយដែមួយជើងបណ្ដាលឲ្យជនសង្ស័យម្នាក់បែកមុខមាត់ឡើងហូរឈាមស្រោចខ្លួន តែរបួសស្រាល ទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។ ចំណែកជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះគេចខ្លនបាត់សម្រោល ដោយមិនយកកាបូបទៅជាមួយទេ។

ក្រោយពេលកើត សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីដាក់ពាក្យបណ្ដឹង និងកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖