ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកបង្កើតរំលោភកូនស្រីពីរនាក់បានសម្រេច ប៉ងកូនទី៣ បែកការណ៍ជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសជាឪពុកម្នាក់បានរំលោភកូនស្រីបង្កើតសម្រេច២នាក់ ហើយប៉ុនប៉ងសេពសន្ថវៈលើកូនស្រីម្នាក់ទៀត តែនាងរើបម្រាស់ស្រែកឲ្យគេជួយកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បុរសជាឪពុកត្រូវបាននគរបាលចាប់ខ្លួនឈ្មោះ យូ សាន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ចំណែកក្មេងស្រីរងគ្រោះ ជាបងអាយុ១៨ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ ដែលជាកូនបង្កើតរបស់ជនសង្ស័យ យូ សាន ហើយត្រូវបានរងនូវការរំលោភសេពសន្ថវៈសម្រេចជាច្រើនលើកច្រើនសាររួចមកហើយ ។

ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា បុរសជាឪពុកមានស្រុកកំណើតនៅខេត្តកំពង់ធំ ហើយបានយកប្រពន្ធនៅខេត្តកំពង់ចាម គ្រួសារមួយនេះបានទៅរស់នៅស្រុកកំណើតខាងប្តីរហូតបានកូនស្រី៣នាក់ ក្នុងនោះកូនស្រីច្បងមានអាយុ១៨ឆ្នាំ និងកូនស្រីពៅ អាយុ៨ឆ្នាំ និងកូនស្រីកណ្តាលអាយុ១៥ឆ្នាំ គិតត្រឹមឆ្នាំ២០១៧នេះ ។

កាលរស់នៅឯខេត្តកំពង់ធំ ឪពុកបាននាំកូនស្រីច្បងទៅធ្វើចម្ការឆ្ងាយពីផ្ទះ ហើយពេលខ្លះបានដេកនៅក្នុងខ្ទមចាំចម្ការ ។ ការរស់នៅតែពីរនាក់ឪពុកនិងកូនស្រីក្នុងខ្ទមចាំចម្ការធ្វើឲ្យឪពុកមានតណ្ហា ហើយចាប់រំលោភកូនស្រីច្បងជាហូហែរ តែកូនស្រីច្បងមិនហ៊ានប្រាប់ម្តាយ ព្រោះខ្លាចការគំរាមរបស់ឪពុក ។

ក្រោយពីរំលោភកូនស្រីច្បងបានសម្រេចជាញយដង ឪពុកតិរច្ឆានបាននាំកូនស្រីពៅទៅចាំចម្ការដោយដេកនៅក្នុងខ្ទមតែពីរនាក់ឪពុក និងកូនស្រី ។ លើកនេះក៏ដូចលើកមុន ឪពុកបានប្លន់ព្រហ្មចារីយ៍កូនស្រីបង្កើតបានសម្រេចដូចបងស្រីដែរ ។

ករណីរំលោភកូនស្រីទាំងពីរនេះ មិនអាចលាក់បាំងយូរបានឡើយ ។ ទង្វើដ៏លាមករបស់ឪពុកបង្កើតទៅលើកូនស្រីទាំងពីរបានធ្លាយដល់ម្តាយរបស់នាង ធ្វើឲ្យម្តាយមានទុក្ខលំបាកយ៉ាងខ្លាំងតែមិនហ៊ានប្តឹង ឬទម្លាយអាថ៌កំបាំងនោះឡើយ ។

ប្រហែលពីរបីឆ្នាំមុន ក្រុមគ្រួសារនេះបានមករស់នៅស្រុកកំណើតខាងប្រពន្ធវិញម្តង គឺនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ដោយទ្រាំនឹងការឈឺចាប់មិនបាន ធ្វើឲ្យភរិយាអភ័ព្ទស្លាប់ចោលកូនស្រីទាំង៣ ឲ្យរស់នៅកំព្រាឯកាជាមួយនឹងឪពុកជាសត្វតិរច្ឆាន ។

ក្រោយពីប្រពន្ធស្លាប់ប្រហែល៤ខែ បុរសជាឪពុកបានបន្តសកម្មភាពរំលោភកូនស្រីកណ្តាល ។ នៅវេលាម៉ោង២២ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ឪពុកបានចាប់កូនស្រីទី២ ប៉ុន្តែត្រូវនាងស្រែកឲ្យគេជួយ ផ្អើលដល់អ្នកជិតខាង ។

លោកពេជ្រ គឹមស៊ា អធិការរងនគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ពេលឮសម្រែកនេះ អ្នកជិតខាងបានចេញមកជួយយកអាសារក្មេងស្រីស្របពេលនោះ ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ច ។ ភ្លាមនោះកម្លាំងនគរបាលស្រុកកំពង់សៀម ក៏បានចុះទៅដល់ទីកើតហេតុ ។

ដោយមានការចង្អុលបង្ហាញពីក្មេងស្រីរងគ្រោះ ក៏ដូចជាអ្នកជិតខាង នគរបាលក៏បានឃាត់ខ្លួនបុរសជាប់សង្ស័យឈ្មោះ យូ សាន នាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំឯកសារតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់៕ ហេង សូរិយា


ចែករំលែក៖