ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ ២ នាក់របួសធ្ងន់ ២ នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកព្រៃកប្បាស

ចែករំលែក៖

ខេត្តតាកែវ៖ យុវជនពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២ នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ នឹងម៉ូតូ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១២ និង ៣០ នាទី ស្ថិតនៅលើផ្លូវលេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣-១៤ ត្រង់ចំណុចភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិកាដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺរវាងម៉ូតូ និងម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា ម៉ូតូទី១ម៉ាក ហុងដា កុបមូល C50 ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ច.9273កណ បើបរដោយបុរសម្នាក់មិនស្គាលអត្តសញ្ញាណ រងរបួសធ្ងន់ និងម៉ូតូមួយគ្រឿងទៀតម៉ាក Smash ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BG-8863 បើកបរដោយឈ្មោះ សឿង សេក ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកសិករ របស់នៅភូមិ ស្លា ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀតដែលទី១ ឈ្មោះ នូ លាងហុង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ទី២ ឈ្មោះ នូ លាងហាន ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ទាំង ៤ នាក់បើកបរដោយមិនមានពាក់មួកសុវត្តិភាពនោះទេ។ ភ្លាមៗនោះផងដែរអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ ។

បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង ២ គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីកសាងសំណុំរឿងតាមច្បាប់ ៕ ភ្នំដា


ចែករំលែក៖