ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានឈើប្រវែងជិត៥០ម៉ែត្រត្រូវជំនន់ទឹកភ្លៀងហូរបុកបាក់ដាច់ជាពីរ លំបាកដល់ការធ្វើដំណើរ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ស្ពានសង់អំពីឈើទ្រុឌទ្រោមមួយកន្លែង ដែលមានប្រវែងបណ្តោយ ជិត៥០ម៉ែត្រ ត្រូវបានទឹកជំនន់ទឹកភ្លៀងហូរមកតាមអូរយ៉ាងគំហុកដោយនាំយកទាំងគុម្ពឫស្សីមកជាមួយ ហូរមកបុកត្រូវចំសសរស្ពាន ទើបឲ្យធ្វើបាក់ស្ពាន នៅត្រង់ចំណុចអូរខ្សាច់ភូមិ ស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។

តាមការរៀបរាប់ឲ្យដឹងពីប្រជាពលរដ្ឋដែលេស់នៅទីនោះ ក៏ដូចអ្នកជិះម៉ូតូធ្វើដំណើរទៅមកនៅក្នុងឃុំនោះបានឲ្យដឹងថា ស្ពានឈើមួយខ្សែនេះ មានសភាពចាស់ទ្រុឌទ្រោមនៅចំណុចខាងលើនោះ ត្រូវបានទឹកហូរនាំសំរាស់មកបុកប៉ះចំសសរស្ពានបានធ្វើឲ្យបាក់ស្ពាន កាលពីយប់វេលាម៉ោង១២ជាងថ្ងៃទី២៤ ខែឧសភានេះ តែមិនបង្កឲ្យមនុស្សស្លាប់ឬរងរបួសអ្នកណាម្នាក់នោះទេ រហូតមកដល់ថ្ងៃទី២៩ ខែឧសភានេះ នៅមិនទាន់បានឃើញខាងអាជ្ញាធរ ឫក៏ជំនាញនឹងមន្ទីរស្ថាប័នពាក់ព័ន្ធណាក្នុងខេត្ត មកពិនិត្យមើលថាគួរធ្វើយ៉ាងណានោះនៅឡើយទេ។

តែឥឡូវនេះត្រូវបានគេធ្វើទូកក្បូនឲ្យឆ្លងទៅមកបណ្តោះអាសន្នសិន ដោយយកតម្លៃមនុស្សក្នុងម្នាក់៥០០រៀល ម៉ូតូ១គ្រឿងតម្លៃ១៥០០រៀល។ ជាចុងក្រោយនេះសូមសំណូមពរទៅដល់ស្រុកនិងខេត្ត សូមមេត្តាជួយសាងសង់ស្ពានមួយខ្សែនេះឲ្យបានពេលឆាប់ៗនេះផង ពីព្រោះក្នុងការឆ្លងទូកក្បូនរាល់ថ្ងៃនេះ ត្រូវការចំណាយថវិកានិងពេលវេលា ហើយនៅពេលជិះចុះឡើងលើទូកក្បូនឆ្លងម្តងៗមានការរអិលភួក ពភ្លិចពភ្លាច់ ធ្វើឲ្យប្រឡាក់ដល់សម្លៀកបំពាក់ខោអាវ ព្រោះអីចូលដល់រដូវវស្សាហើយ ។

ជុំវិញក្នុងរឿងនេះលោក ថង ស៊ីវាំង មេប៉ុស្តិ៍ ឃុំភ្លុក ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ស្ពានឈើដែលទ្រុឌទ្រោមនេះ ត្រូវបានទឹកភ្លៀង ធ្លាក់ខ្លាំង បានធ្វើឲ្យទឹកជន់ហូរយ៉ាងគំហុកនាំសំរាស់ហូរមកបុក ធ្វើឱ្យស្ពានហ្នឹងបាក់ដាច់ជាពីរតែម្តង។

លោកបានបន្តទៀតថា ស្ពានខាងលើនោះជាស្ពានធ្វើអំពីឈើ ដែលបានសាងសង់ឡើងនៅឆ្នាំ២០១២រហូតមកដល់ឆ្នាំ២០១៧នេះមានរយៈពេលជាង៥ឆ្នាំមកហើយ មានប្រវែងបណ្តោយ៤៧ម៉ែត្រនិងទទឹងប្រវែង៤ម៉ែត្រ តែឥឡូវនេះត្រូវបានធ្វើទូកចម្លង ឲ្យប្រជាពលរដ្ឋរស់នៅទីកន្លែងនោះឲ្យពួកគាត់បានឆ្លងធ្វើដំណើរទៅមកបណ្តោះអាសន្នបានសិន ទម្រាំដល់ខែប្រាំងទើបក្រុមការងារថ្នាក់ខេត្តជុសជល់ឬក៍សាងសង់ជាថ្មីទើងវិញ ។

លោកបានបញ្ជាក់ថា ក្នុងការឆ្លងទូកក្បូនខាងលើនេះគឺយកមនុស្សម្នាក់៥០០រៀលចំណែកម៉ូតូ១គ្រឿងតម្លៃ១៥០០រៀល ក៏ប៉ុន្តែចំពោះមន្ត្រីរាជការ គ្រូបង្រៀន និង កូនសិស្សទៅរៀនទៅវិញទៅមកគឺមិនឲ្យយកលុយនោះទេ ។ហើយខាងឃំុក៏បានស្នើសុំទៅដល់ថ្នាក់ខេត្តផងដែរ ហើយក៏បានបញ្ជាក់មកវិញឲ្យដឹងថា ចាំដល់ខែប្រាំងទើបសាងសង់ស្ពានមួយនេះឡើងវិញ ៕ មាស សុផាត


ចែករំលែក៖