ខេត្តកណ្តាល៖ បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយ នៅរសៀលថ្ងៃទី៣១ ខែឧសភា បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿងបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ជនសង្ស័យពុំត្រូវបានដាក់ខ្នោះដៃទេ ខុសពីជនសង្ស័យដទៃទៀតដែលបញ្ជូនមកតុលាការ ។
មន្ត្រីតុលាការថ្លែងថា ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ។
នគរបាលស្រុកកៀនស្វាយ បញ្ជាក់ថា ជនសង្ស័យឈ្មោះ XIA JIN ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងរោងចក្រសួនឧស្សាហកម្ម សំរោងធំ មានមុខងារប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រ ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ។
ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នៅចំណុចគីឡូម៉ែត្រលេខ១៦និង១៧ ភូមិទូលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ៕ ចេស្តា