ភ្នំពេញ៖ ហេតុដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាលើកទីពីរ ដោយកម្មការិនីដែលបម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ អាកាស សិតហ្គាមេន ដែលមានទីតាំងស្ថិតនៅក្នុង សួនឧស្សាហកម្មវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តដួលសន្លប់ជាង៤០នាក់ទៀត ខណៈកំពុងធ្វើការងារ កាលពីវេលាម៉ោង៨និង៤០ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។
បើតាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្មករកម្មការិនី ចំនួន១៧៧៧នាក់ នៅក្នុងរោង ចក្រនោះបានចូលទៅធ្វើការជាធម្មតា ហើយក្រោយមកខណៈកំពុងតែធ្វើការសុខៗ ស្រាប់តែមានអ្នកដួលសន្លប់ជាបន្តបន្ទាប់គ្នារដូករណែលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកហើយនៅពេលនោះ ត្រូវបានគេបញ្ជូនទៅកាន់គ្លីនិកឯកជន ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេរទេះ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។
ចំណែកកម្មករកម្មការិនីដែលអត់ដួលសន្លប់បានរត់ចេញពីរោងចក្រក្នុងស្ថានភាពភិតភ័យហើយបាននាំគ្នាឡើងជិះរថយន្តត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយរោងចក្របានបិទទ្វារជាបណ្ដោះអាសន្ន ថ្ងៃនោះផងដែរ ។
សូមបញ្ចាក់ផងដែរថា ការដួលនោះសង្ស័យបណ្ដាលមកពីអារម្មណ៍ភិតភ័យ កាលពីប៉ុន្មានថ្ងៃមុនដែលនៅក្នុង រោងចក្រនោះមានកម្មការិនីម្នាក់ដួលស្លាប់ នៅបន្ទប់ទឹកហើយខណៈនោះក៏មានកម្មការិនីជិត៣០នាក់ ផ្សេងទៀតដួលសន្លប់ដែរ ។
គួរបញ្ជាក់ទៀតថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះនៅក្នុងរោងចក្រខាងលើមានកម្មការិនីម្នាក់ឈ្មោះខាត់ សាម៉ើ អាយុប្រហែលជាង៤០ឆ្នាំ មានទីលំនៅក្នុងភូមិរលួស ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្ដ្រីដែលស្លាប់មានជម្ងឺលើសឈាមហើយបានដួលសន្លប់នៅបន្ទប់ទឹកនៅក្នុងរោងចក្របន្ទាប់មកបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់ពាក់កណ្ដាលផ្លូវហើយដំណឹងនោះបានដឹងដល់កម្មករដែលកំពុងបម្រើការងារ ធ្វើឲ្យមានការភិតភ័យ ក៏បានដួលសន្លប់ ជាបន្តបន្ទាប់ជិត៣០នាក់ ។
ពេលនោះរោងចក្របានបិទទ្វារបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី២ ខែមិថុនានេះទើបចូលធ្វើការជាថ្មីហើយបានដួលសន្លប់ជាលើកទី២ទៀតបែបនេះតែម្ដង ៕ ភារ៉ា ដង្កោ