ខេត្តកំពង់ធំ៖ ជនសង្ស័យ2នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។
លោកវរសេនីយ៍ទោ ឃុន ប៊ុន ហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលកម្លាំងរបស់លោកឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន ឈ្មោះទី១ ឈ្មោះ ម៉ិក ដារីន ភេទប្រុស អាយុ២១ឆ្នាំ និងទី២ ឈ្មោះ ហួត ទី ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២ រស់នៅភូមិ ឃុំកើតហេតុខាងលើ រួមជាមួយវត្ថុតាងមានថ្នាំញៀនប្រភេទ មេតំហ្វេតាម៉ីន (ហៅម៉ាទឹកកក) ចំនួន០៩កញ្ចប់តូច លុយខ្មែរ២០ម៉ឺនរៀល ទូរស័ព្ទ១គ្រឿង និងថង់សម្រាប់ច្រកមួយចំនួន។
លោកមេបញ្ជាការបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយថា ពួកគេទាំង២នាក់ ពិតជាបានប្រកបមុខរបរជួញដូរគ្រឿងញៀនពិតមែន ដោយរូបគេមានម៉ូយមកពីខេត្តផ្សេងយកមកលក់ឲ្យ ហើយពួកគេបានយកថ្នាំញៀនទាំងអស់នេះទៅចែកចាយបន្តដល់ពួកអ្នកញៀនថ្នាំនៅក្នុងស្រុកបារាយណ៍ និងដើរលក់ដល់កំពង់ធំទៀតផង ជាពិសេសគឺសិស្សៗសាលាតែម្តង ។
ក្រោយពីចងក្រងសំណុំរឿងរួចក៏បញ្ជូនជនសង្ស័យទាំង២នាក់ និងវត្ថុតាងមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅកាន់សាលាដំបូងខេត្តអនុវត្តទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី