ខេត្តស្ទឹងត្រែង៖ គេបានរាយការណ៍មកថា៖ សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ចេញពីស្រុកសៀមប៉ាង ទៅស្រែពក ចេញពីខេត្តស្ទឹងត្រែងទៅស្រែកពក «ឈើធ្នង់» ចេញពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ «ឈើក្រញូង»ឆ្លងកាត់ខេត្តស្ទឹងត្រែង ទៅស្រែពក បានផ្អាកចំនួន២ថ្ងៃហើយ បើគិតមកដល់រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ដោយសារអំពើពុករលួយទទួលសំណូកពីឈ្មួញបទល្មើសព្រៃឈើប៉ះពាល់ដល់សមត្ថកិច្ច អាជ្ញាធរ ជំនាញជិត៣០ស្ថាប័នត្រូវបានគេលាតត្រដាង ហើយចាត់ទុកថាការទម្លាយនេះ គឺជាការពិត ដូចគេបើកគ្របអាប៉ោងចាក់នោះដែរ?
អំពើពុករលួយនេះ បើទោះជាអង្គភាពប្រឆាំងអំពើពុករលួយ ឬសាមុីស្ថាប័នអង្គភាពនីមួយៗ មិនទាន់មានចំណាត់ការបែបណាក៏ដោយ ក៏មន្រ្តីសាលាខេត្តបានលួចបង្ហើបថា៖ ជនពាក់ព័ន្ធក៏ល្វីងមុខ រហូតដល់អត្តចរិកពួកគាត់មានលក្ខណះខុសពីគ្រាកន្លងទៅ សង្ស័យរឿងនេះថ្នាក់លើអាចនឹងមិនព្រងើយកន្តើយអោយអស់លោកទាំងនោះជិះសេះលែងដៃ បន្តយន្តការចរិកជិះជាន់អ្នកទៀងត្រង់ដូចមុនៗ។ កន្លងទៅដោយសារចំណូលបានមកពីសំណូកនៃអំពើពុករលួយបទល្មើសព្រៃឈើ គេឃើញថា៖ អស់លោកទាំងនោះគាត់មានឱកាសច្រើនលើសលុបលាបពណ៍មន្ត្រីទៀងត្រង់ អ្នកមានសមត្ថភាពការងារ ដោយគាត់ប្រើគ្រប់មធ្យោបាយតាមរយះយុទ្ធសាស្ត្រ«ស្ងោរសាច់អោយផុយ តែមិនអោយក្តៅទឹក» ឬនិយាយម្យ៉ាងទៀតថា៖ «ដៃទាំងពីរកូទឹកអោយល្អក់ កុំអោយគេមើលឃើញដល់បាត តែខ្លួនវិញយកដៃទាំងពីរសម្ងំរាវចាប់យកត្រី» និងចាត់ទុកមន្ត្រីល្អជាឆ្អឹងទទឹង ករ ខ្លួនជានិច្ច។
មជ្ឈដ្ឋានមន្ត្រី សមត្ថកិច្ច អាជ្ញាធរមួយចំនួនធំពេញចិត្តចំពោះភាពស្ងប់ស្ងាត់សកម្មភាពចរាចរឈើល្មើសច្បាប់នៅខេត្តស្ទឹងត្រែងនេះ ហើយក៏គិតថាពួកគាត់មិនដល់ថ្នាក់ច្រណែនឈ្នានីសនិងអស់លោកមានវប្បធម៍ទទួលសំណូកបទល្មើសឈើនោះដែរ តែសំខាន់គាត់ខ្លាចព្រៃឈើវារលាយហិនហោចដោយសារស្នាដៃអស់លោកតែប៉ុណ្ណោះ។
គួររំលឹកថា៖ រាល់សកម្មភាពបទល្មើសដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែងកើតមានជាគំហុកគឺដោយសារមន្ត្រីពាក់ព័ន្ធមានតួនាទី ភារកិច្ចបង្ក្រាបទទួលសំណូក ជាក់ស្តែងរឿងទាំងនេះក៏ត្រូវបានលាតត្រដាងយ៉ាងច្បាស់ជាក់លាក់ ដោយក្នុងមួយស្ថាប័ន ទទួលសំណូកពីឈ្មួញចាប់ពី១០ម៉ឺនរៀលទៅ៣០០ដុល្លារ ក្នុងរថ យន្តដឹកជញ្ជូនឈើឆ្លងកាត់ខេត្តមួយនេះ ។
ខាងក្រោមនេះគឺជាចំនួនតួលេខដែល គេទម្លាយពីឈ្មួញបង់ប្រាក់ឲ្យក្នុងនោះ សម្រាប់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ដឹកឈើចេញពី ស្រុកសៀមប៉ាងឆ្លងកាត់ ទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ចំណុចចាំទទួលទិញស្រែពក រវាងព្រំប្រទល់ខេត្តស្ទឹង ត្រែង-រតនគិរី គឺឈ្មួញត្រូវចំណាយលុយ យ៉ាងលំអិតដូចខាងក្រោម ៖
១-ត្រូវបង់លុយឲ្យអភិបាលនៃគណៈ អភិបាលស្រុកសៀមប៉ាង ក្នុង១រថយន្តពី មុនតម្លៃត្រឹម១០០ដុល្លារ បច្ចុប្បន្នលោក អភិបាលស្រុកតម្រូវឲ្យបង់១រថយន្តសាំយ៉ុង ១៥០ ទៅ២០០ដុល្លារ ,២-សមត្ថកិច្ចស្រុក ១០០ដុល្លារ , ៣-លោក ជា សំណាង (សមត្ថកិច្ច) ១០០ដុល្លារ ,៤-ផ្នែកសឹករង ១៥ម៉ឺនរៀល , ៥-បរិស្ថានស្រុក៦ម៉ឺនរៀល ,៦-បរិស្ថានខេត្ត១៥ម៉ឺនរៀល ,៧-នគរបាល សេដ្ឋកិច្ចខេត្ត ១៥ម៉ឺនរៀល ,៨-អធិការ នគរបាលស្រុកសៀមប៉ាង ១០០ដុល្លារ , ៩-ខាងមន្ទីរអធិការកិច្ច១៥ម៉ឺនរៀល ,១០- តាមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលឆ្លងកាត់ ចាប់ពីស្រុកសៀមប៉ាងដល់ស្រែពក បង់ មួយប៉ុស្តិ៍១០ម៉ឺនរៀល ,១១-នាយផ្នែករដ្ឋ បាលព្រៃឈើសៀមប៉ាង៣០ម៉ឺនរៀល , ១២-នាយសង្កាត់នីមួយៗ១៥ម៉ឺនរៀល , ១៣-នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាប់ ពី១០០ដុល្លារឡើង (ហាងឆេងមិនទៀង ទាត់) ,១៤-ទាហានព្រំដែន បូកជាមួយ យោធាខេត្តប្រចាំការនៅព្រំដែន ១២ម៉ឺន រៀល ,១៥-នគរបាលព្រំដែន៥០ម៉ឺន ,១៦-តាម ស្នាក់ការ មួយស្នាក់ការ១០ម៉ឺន រៀល ,១៧-នគរបាលសេដ្ឋកិច្ចក្រសួងបង់ ឲ្យមេប្រចាំទិស១០ម៉ឺនរៀល កូនចៅឈរ រាប់ក្បាលរថយន្ត១០ម៉ឺនរៀល ហើយ ឈ្មោះហែម សុមុនី ហៅ ម៉ៅ មេនគរបាល សេដ្ឋកិច្ចក្រសួងឈរជើងនៅទីនោះ កំណត់ ១រថយន្តយក៣០ម៉ឺនរៀល , ១៨-ខាងមន្ទីរ កសិកម្មខេត្ត ៥០ម៉ឺនរៀល , ១៩-សមត្ថកិច្ច ឈ្មោះ M3យកមួយរថយន្ត៣០០ដុល្លារ ក្នុងនោះឮថា ចំណាយរត់ការទៅឲ្យខាង ព្រះរាជអាជ្ញាមួយរថយន្ត២០ម៉ឺនរៀល លើសពីសម័យលោក ជា ពេជ្រ មួយរថ យន្តត្រឹម១០ម៉ឺនរៀល , ២០-សមត្ថកិច្ចក្រុង ស្ទឹងត្រែង១រថយន្ត៣០ម៉ឺនរៀល ,២១- ទាហានផ្នែកចារកិច្ច មួយរថយន្ត៥០ម៉ឺន រៀល ,២២-ចៅហ្វាយខេត្ត មួយរថយន្ត ២៥០ដុល្លារ ក្នុងនោះមានមន្រ្តីខេត្តជាអ្នក ចេញមុខទទួលសំណូកនេះ ហើយហាម ដាច់ខាតមិនឲ្យឈ្មួញនិយាយថាបង់លុយ ឈើឲ្យចៅហ្វាយខេត្តឡើយ ។ គេបង្ហើបថា៖ ទាំងចៅហ្វាយខេត្ត តុលាការ សមត្ថកិច្ច គ្រប់ស្ថាប័ន ជំនាញរហូតជិត៣០ស្ថាប័នម្នាក់ៗដាក់ភាពសង្ស័យរវាងគ្នាទៅវិញទៅមក ឆ្ងល់ថា៖ ហេតុអីក៏ព័ត៍មាននេះគេទម្លាយត្រូវម្លេះដូចបើកគ្របអាប៉ោងចាក់បែបនេះ????៕ ល័ក្ស្មុី