ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធជំពាក់លុយគេច្រើន បង្កហិង្សាចាក់នឹងទួរណឺវិសរបួស៤កន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កំពុង​តែអង្គុយផឹកស៊ីស្រាប់តែឃើញគេមកទារ​លុយពីប្រពន្ធ​ដែលជំពាក់ ស្ទុះទៅវាយហើយប្រពន្ធ តដៃទើបយកទួរណឺវិសចាក់ប្រពន្ធជាច្រើនកន្លែងបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍​នេះ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង៣០នាទីយប់​ ថ្ងៃទី១៣ ​ខែមិថុនា ​ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះឈ្មោះ សេង ឡង់ឌី ភេទស្រី អាយុ៣០ឆ្នាំ ​មុខរបរកម្មករោង​ចក្រ ស្នាក់​នៅ​ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានកូន២នាក់ ស្រីមួយ ប្រុសមួយ។​ ចំណែក​ឯ​ប្តីឈ្មោះ ភឹម វណ្ណចាន់ ​អាយុ៣៧ឆ្នាំ​មុខរបរកម្មកររោងចក្រ រស់នៅភូមិជាមួយប្រពន្ធ។​

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះបានរៀបរាប់ប្រាប់ថា រូបនាងមានកូនពីរនាក់ ដោយកូនបងជាកូនប្រុសអាយុ១០ឆ្នាំ និងកូនស្រីអាយុ៧ឆ្នាំ ហើយនាងបានរៀបរាប់បន្ថែមទៀតថា ប្តីរបរគាត់ផឹកស្រវឹងសឹងរាល់ថ្ងៃ។​

តាមប្រភពព័ត៌មា​ន​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​មុនពេលកើតហេតុ ជនរងគ្រោះកំពុង​តែធ្វើម្ហូប​ ហើយស្រាប់តែមានគេមកទារលុយគាត់ទាំងយប់។ ដោយគាត់ពុំទាន់​មានលុយសង​ទេ​ ព្រោះ​ជីវភាពរបស់​គាត់​កំពុង​ខ្វះខាតផង។​

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ កាល​ពី​មុន​គាត់​បាន​ខ្ចីគេ២នាក់ចំនួន៣០០ដុល្លារ ខណៈ​ដែលគេមកទារ​លុយ ហើយប្តីរបស់គាត់កំពុង​ផឹកស៊ី​ជិតផ្ទះរបស់ខ្លួន ផងនោះ ស្រាប់តែមករករឿងគាត់​ថែម​ទាំង​វាយទៅលើរូបគាត់ពីរទៅបីដៃ។ បន្ទាប់មករូបគាត់បានយក មួក​សុវត្ថិភាព​មកតទៅលើប្តីរបស់គាត់វិញ ធ្វើ​អោយ​ប្តីរបស់គាត់បានស្ទុះទៅយក​ទួរណឺវិសមកចាក់ទៅលើរូបគាត់ចំពោះ​ គល់ដោះចំនួន៣កន្លែង និង​បាតដៃមួយកន្លែងបណ្តាលអោយរងរបួសធ្ងន់ សរុបចំនួន៤កន្លែង ហើយនា​ង​បាន​តេ​ទូរស័ព្ទ​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​អោយមកជួយអន្តរាគមន៍ភ្លាមផងដែរ។​ ដោយ​ឡែកប្តីរបស់​នារី​រងគ្រោះ​មិន​បាន​និយាយអ្វី​ទាំង​អស់​។

ក្រោយពេលកើតហេតុ ជនបង្កខាងលើត្រូវបាន​កម្លាំង​នគរបាល​ប៉ុសិ៍កន្ទោកបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕​ សុខាសែនជ័យ


ចែករំលែក៖