ភ្នំពេញ៖ បុរសម្នាក់កំពុងតែអង្គុយផឹកស៊ីស្រាប់តែឃើញគេមកទារលុយពីប្រពន្ធដែលជំពាក់ ស្ទុះទៅវាយហើយប្រពន្ធ តដៃទើបយកទួរណឺវិសចាក់ប្រពន្ធជាច្រើនកន្លែងបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ សេង ឡង់ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានកូន២នាក់ ស្រីមួយ ប្រុសមួយ។ ចំណែកឯប្តីឈ្មោះ ភឹម វណ្ណចាន់ អាយុ៣៧ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិជាមួយប្រពន្ធ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា រូបនាងមានកូនពីរនាក់ ដោយកូនបងជាកូនប្រុសអាយុ១០ឆ្នាំ និងកូនស្រីអាយុ៧ឆ្នាំ ហើយនាងបានរៀបរាប់បន្ថែមទៀតថា ប្តីរបរគាត់ផឹកស្រវឹងសឹងរាល់ថ្ងៃ។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើម្ហូប ហើយស្រាប់តែមានគេមកទារលុយគាត់ទាំងយប់។ ដោយគាត់ពុំទាន់មានលុយសងទេ ព្រោះជីវភាពរបស់គាត់កំពុងខ្វះខាតផង។
តាមប្រភពដដែលបានបន្តទៀតថា កាលពីមុនគាត់បានខ្ចីគេ២នាក់ចំនួន៣០០ដុល្លារ ខណៈដែលគេមកទារលុយ ហើយប្តីរបស់គាត់កំពុងផឹកស៊ីជិតផ្ទះរបស់ខ្លួន ផងនោះ ស្រាប់តែមករករឿងគាត់ថែមទាំងវាយទៅលើរូបគាត់ពីរទៅបីដៃ។ បន្ទាប់មករូបគាត់បានយក មួកសុវត្ថិភាពមកតទៅលើប្តីរបស់គាត់វិញ ធ្វើអោយប្តីរបស់គាត់បានស្ទុះទៅយកទួរណឺវិសមកចាក់ទៅលើរូបគាត់ចំពោះ គល់ដោះចំនួន៣កន្លែង និងបាតដៃមួយកន្លែងបណ្តាលអោយរងរបួសធ្ងន់ សរុបចំនួន៤កន្លែង ហើយនាងបានតេទូរស័ព្ទប្តឹងកម្លាំងនគរបាលប៉ុស្ដិ៍អោយមកជួយអន្តរាគមន៍ភ្លាមផងដែរ។ ដោយឡែកប្តីរបស់នារីរងគ្រោះមិនបាននិយាយអ្វីទាំងអស់។
ក្រោយពេលកើតហេតុ ជនបង្កខាងលើត្រូវបានកម្លាំងនគរបាលប៉ុសិ៍កន្ទោកបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕ សុខាសែនជ័យ