ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់ទូរស័ព្ទដៃពីជនបរទេសផ្អើលដល់សមត្ថកិច្ច ដេញចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១សហការជាមួយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោសប្រើហិង្សា(យកកាំបិតកាប់ប្លន់យកទូរសព្ទ័ដៃ). កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះសីុសុវត្តិកែងផ្លូវលេខ១៣០ ភូមិទី៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ សួន វិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនប្រាកដ។ រីឯជនរងគ្រោះ ឈ្មោះ PETER. PESSL. ភេទប្រុសអាយុ៦០ឆ្នាំជនជាតិ អូទ្រីស មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគាររីវើុស្តា ផ្លូវលឹខ១១៨សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងនៅលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិដោយចុចទូរស័ព្ទលេង ស្រាប់តែមួយសន្ទុះក្រោយមកក៏លេចមុខក្រុមជនសង្ស័យមានគ្នា៤នាក់ដើរសំដៅទៅជនរងគ្រោះរួចក៏ធ្វើសកម្មភាពប្រើកាំបិតកាប់ទៅលើជនរងគ្រោះចំនួន២កាំបិតចំខ្នង បណ្ដាលឲ្យរយះចេញឈាម រួចគេចខ្លួនបាត់អស់ ។បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរគមន៍ ។ លុះថ្ងៃដដែរជនរងគ្រោះបានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះសួន វិត ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ចំណែកឯទូរស័ព្ទដៃរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការស្រាវជ្រាវរកបក្ខពួកបន្តនិងកសាងសំណុំរឿងតាមនិតិវិធី ៕ ស តារា


ចែករំលែក៖