ខេត្តរតនគិរី៖ លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងទិវាបរិស្ថានអន្តរជាតិ ០៥ មិថុនា ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ។
ក្នុងនោះ មានកីឡាករចូលរួមរត់ម៉ារ៉ាតុងជាង២០០នាក់ នៅថ្ងៃប្រារព្ធទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោកក្នុងពិធីនេះក៏មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត។
មន្ត្រីរាជការសិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពជា និងយុវជនកាយរឹទ្ធិ តំណាងសហគមន៍ការពារធនធានធម្មជាតិអង្គការសមាគមន៍ ជាដៃគូ ប្រជាពលរដ្ឋ សរុបប្រមាណជាង ៦០០ នាក់ ។
ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានអន្តរជាតិ ០៥មិថុនាឆ្នាំ២០១៧ត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ “ការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ” ក្នុងគោលដៅបំផុសចលនាប្រជាពលរដ្ឋគ្រប់រូបឲ្យចូលរួមថែរក្សាបរិស្ថាននៅតាមទីប្រជុំជនតាមរយៈការអនាម័យទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ។
ដើម្បីឲ្យប្រជាពលរដ្ឋមានស្មារតីចូលរួមនិងស្រលាញ់បរិស្ថានក្នុងថ្ងៃប្រារព្ធពិធីនេះ មន្ទីរបរិស្ថានខេត្តបានរៀបចំកម្មវិធីរត់កីឡាម៉ារ៉ាតុងក្រោមប្រធានបទកីឡាដើម្បីសុខភាព។
ជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែងនិងបានចែកជូនធុងសម្រាមនិងកូនឈើមួយចំនួនសម្រាប់យកទៅចែកចាយនិងដាំនៅតាមទីកន្លែងមួយចំនួនក្នុងក្រុងបានលុងទៀតផង ៕ សាយប៉ូច