ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)ឃាត់ខ្លួនស្ត្រី២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការ ជាមួយកម្លាំង នគរបាលនៃអធិការដ្ឋានក្រុងសៀមរាប និង ប៉ុស្តិ៍នគរបាលសង្កាត់គោកចក បាន ចុះបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)រហូតឃាត់ខ្លួនបានស្ត្រី២នាក់ ក្នុងនោះម្នាក់ជាមេឆ្នោត និងម្នាក់ទៀតជាអ្នកចាក់ឆ្នោត រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ។

ហេតុការណ៍ចុះប្រតិបត្តិឃាត់ខ្លួនមេឆ្នោត២នាក់នោះ បានធ្វើឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែមីថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ​ ហង្ស សូផាត ភីរម្យ ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនគរបាលខេត្តបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ថា ដោយអនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និង ដើម្បីអនុវត្តនូវគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ។

លោកបានបន្តថា ស្ត្រី ជនសង្ស័យទាំង២នាក់នោះ​មាន៖ ទី១/ឈ្មោះ យឹម វ៉ន ភេទស្រីអាយុ ៥៧ ឆ្នាំ (ជាអ្នកលក់ឆ្នោត)ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង ខេត្តសៀមរាប និង ទី២/ឈ្មោះ ពេជ្រ ទេវី ភេទស្រីអាយុ២៧ឆ្នាំ(ជាអ្នកចាក់ឆ្នោត)ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប។

ក្រោយពេលឃាត់​ខ្លួនកម្លាំងជំនាញ​បានដកហូតវត្ថុតាងរួមមាន៖ សៀវភៅសម្រាប់កត់កន្ទុយលេខ ចំនួន២ក្បាល និង កាស្យូ ១ និង លុយមួយចំនួនធំ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានបញ្ជូនស្រ្ដីលក់ឆ្នោត ទៅតុលាការចំណាត់ការតាមនីតិវិធី។ ចំណែក ស្ត្រី ម្នាក់ទៀត ជាអ្នកចូលចាក់ ត្រូវកម្លាំងជំនាញបានអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ៕ ប៊ុន រិទ្ធី


ចែករំលែក៖