ភ្នំពេញ៖ អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់តំណែង កាលពីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាអាណត្តិនេះ ចាត់ទុកថា មានវ័យក្មេងត្រឹម៣៧ឆ្នាំ ទៅ៤០ឆ្នាំ ហើយលោក អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង មានវ័យច្រើនជាងគេ គឺ៥១ឆ្នាំ ជំនួសតំណែងលោក ប៉ា សុជាតិវង្ស ដែលត្រូវទទួលតំណែងជាទីប្រឹក្សានាយករដ្ឋមន្ត្រី មានឋានៈស្មើទេសរដ្ឋមន្ត្រី ។
បន្ទាប់ពីមានការតែងតាំងអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ៧រូប ដើម្បីដឹកនាំរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចឲ្យមានការរីកចម្រើន លូតលាស់ ប្រកបដោយសក្តានុពលនោះ ទាំងមជ្ឈដ្ឋានប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ អ្នកវិនិយោគ ។ល។ មានជំនឿទុកចិត្តថា ថ្នាក់ដឹកនាំ អភិបាលរាជធានីភ្នំពេញ ដែលមានអភិបាលរងនៃគណៈអភិបាលចំនួន៦រូប ជាសេនាធិការហផងនោះ មានរំពឹងថា រាជធានីភ្នំពេញឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សមត្ថភាព បទពិសោធន៍ និងអ្វីដែលរាជរដ្ឋាភិបាលមានទំនុកចិត្ត ។
ក្នុងនោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ត្រូវបានគេទទួលស្គាល់ផងដែរថា ធ្លាប់មានប្រវត្តិក្នុងការដឹកនាំទទួលបានការគាំទ្រ និងសមត្ថភាព ហើយលោកបានកើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ។ នៅឆ្នាំ១៩៨៨ លោកទទួលបានសញ្ញាបត្រវិស្វកម្មម៉ាស៊ីនកាប៉ាល់ពីសាកលវិទ្យាល័យសហភាពស៊ូវៀត, ឆ្នាំ១៩៩៧ ទទួលសញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច, ឆ្នាំ២០០៧ ទទួលសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា, ឆ្នាំ១៩៩៩ មានតួនាទីជាអភិបាលរងខណ្ឌទួលគោក, ឆ្នាំ២០០៨ មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឆ្នាំ២០០៩ មានតួនាទីជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ, ឆ្នាំ២០១៥ មានតួនាទីជាអភិបាលរងអភិបាលរាជធានីភ្នំពេញ និងបច្ចុប្បន្ននេះ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ ដោយឡែក អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ៦រូបទៀត សុទ្ធតែមានប្រវត្តិឆ្លងកាត់ការសិក្សា បទពិសោធន៍ការងារដូចខាងក្រោម៖
១ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦៧ នៅឆ្នាំ២០០៩ បានទទួលសញ្ញាបត្រអនុបណ្ឌិត្យផ្នែកពាណិជ្ជសាស្ត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង, ឆ្នាំ១៩៩៤ ទទួលសញ្ញាបទ្រពាណិជ្ជសាស្ត្រពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រ, ឆ្នាំ១៩៩៧ បានទទួលសញ្ញាបត្រសុក្រឹតការជាន់ខ្ពស់ពីសាលាភូមិន្ទរដ្ឋបាល, ឆ្នាំ២០០២ ទទួលសញ្ញាបត្រផ្នែកគ្រប់គ្រងរដ្ឋបាលមូលដ្ឋានពីទីក្រុងហេរ៉ូស៊ីម៉ា ប្រទេសជប៉ុន និងពីសាធារណរដ្ឋកូរ៉េ, ឆ្នាំ១៩៩៥ ជាមន្ត្រីនាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍, ឆ្នាំ១៩៩៦ មានតួនាទីជាជំនួយការសម្តេចហ៊ុន សែន, ឆ្នាំ១៩៩៩ ជាទីប្រឹក្សាសម្តេចស ខេង និងជាអនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន, ឆ្នាំ២០០៧ ជាអភិបាលរងខេត្តព្រះវិហារ, ឆ្នាំ២០១៥ ជាអភិបាលរងរាជធានីភ្នំពេញ និងបច្ចុប្បន្ន ឆ្នាំ២០១៧ ជាអភិបាលរងរាជធានីភ្នំពេញ ។
២ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ, កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧២ ក្នុងឆ្នាំ១៩៩៨ បានទទួលសញ្ញាបត្រស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ឆ្នាំ១៩៩៩ ជាជំនួយការផ្ទាល់លោក ចេវ គឹមហេង អភិបាលរងរាជធានីទទួលបន្ទុករៀបចំដែនដី នគរូបនីយកម្ម និងជំនួយការលោក ជា សុផារ៉ា អភិបាលរាជធានី, ឆ្នាំ២០០៣ ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Hawaii at Manoa នៃរដ្ឋហាវ៉ៃ (សហរដ្ឋអាមេរិក), វិញ្ញាបនបត្រជាន់ខ្ពស់អ្នកដឹកនាំអន្តរជាតិពីវិទ្យាស្ថាន East West Center នៃរដ្ឋហាវ៉ៃ, អនុបណ្ឌិតគ្រប់គ្រងភូមិសាស្ត្រក្រុងពីសាកលវិទ្យាល័យ Cergy Pontoise ប្រទេសបារាំង, អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម, ឆ្នាំ២០០៤ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយករងខុទ្ទកាល័យ, ឆ្នាំ២០០៦ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ ទទួលបន្ទុកផ្នែករៀបចំដែនដី នគរូបនីយកម្ម, ឆ្នាំ២០០៨ អភិបាលរងខេត្តតាកែវ, ឆ្នាំ២០១៤ បណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីរាជ្យបណ្ឌិតសភាកម្ពុជា, ឆ្នាំ២០១៤ ជាអភិបាលរងរាជធានីភ្នំពេញ និងបច្ចុប្បន្ន ឆ្នាំ២០១៧ ជាអភិបាលរងរាជធានីភ្នំពេញ ។
៣ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៤, នៅឆ្នាំ១៩៩៨ ទទួលសញ្ញាបត្រវិជ្ជបណ្ឌិត, ឆ្នាំ១៩៩៩ កាកបាទក្រហមកម្ពុជា, ឆ្នាំ២០១៣ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ, ឆ្នាំ២០១៤ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ, ឆ្នាំ២០១៦ អភិបាលរងសាលារាជធានីភ្នំពេញ និងបច្ចុប្បន្នឆ្នាំ២០១៧ ជាអភិបាលរងសាលារាជធានីភ្នំពេញ ។
៤ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ កើតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៧៩ ក្នុងឆ្នាំ២០០៧ ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ឆ្នាំ២០០៣ បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ឆ្នាំ២០០៧ មន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឆ្នាំ២០០៨ អនុប្រធានមន្ទីរទំនាក់ទំនងជាមួយសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឆ្នាំ២០១២ ប្រធានមន្ទីរទំនាក់ទំនងជាមួយសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឆ្នាំ២០១៦ បញ្ចប់ការសិក្សាវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ពីសាលាភូមិន្ទរដ្ឋបាល, ឆ្នាំ២០១៧ ជាអភិបាលរងរាជធានីភ្នំពេញ និងបច្ចុប្បន្នក៏ជាអភិបាលរងរាជធានីភ្នំពេញ ។
៥ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៧៣ ឆ្នាំ១៩៩៧ ទទួលសញ្ញាបត្រផ្នែកនីតិសាស្ត្រ, ឆ្នាំ២០០០ ទទួលសញ្ញាបត្រមន្ត្រីជាន់ខ្ពស់ផ្នែករដ្ឋបាលទូទៅនៅសាលាភូមិន្ទរដ្ឋបាល, ឆ្នាំ២០០២ ជំនួយការលោកជា សុផារ៉ា អភិបាលរាជធានី ទទួលបន្ទុកអភិវឌ្ឍន៍តំបន់ព្រះវិហារ, ឆ្នាំ២០០៤ អភិបាលរងខណ្ឌឫស្សីកែវ, ឆ្នាំ២០០៨ នាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ, ឆ្នាំ២០១២ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ, ឆ្នាំ២០១៤ អភិបាលរងខេត្តពោធិ៍សាត់ និងបច្ចុប្បន្ន ឆ្នាំ២០១៧ ជាអភិបាលរងសាលារាជធានីភ្នំពេញ ។
៦ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨០, ក្នុងឆ្នាំ២០០៣ ទទួលសញ្ញាបត្រអនុបណ្ឌិត (D.E.A.) ផ្នែកនីតិសាស្ត្រសាកលវិទ្យាល័យ Jean Moulin Lyon3 ប្រទេសបារាំង និងជាសាស្ត្រាចារ្យច្បាប់, ឆ្នាំ២០០៥ ជាមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាវិជ្ជាជីវៈតុលាការកម្ពុជា, ឆ្នាំ២០០៧ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្ត្រី, ឆ្នាំ២០០៨ ប្រធានក្រុមអ្នកច្បាប់ការិយាល័យសហចៅក្រមស៊ើបអង្កេតនៃតុលាការខ្មែរក្រហម, ឆ្នាំ២០១២ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហភាព សហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជានៃខេត្តកំពង់ស្ពឺ, បច្ចុប្បន្ន ឆ្នាំ២០១៧ ជាអភិបាលរងរាជធានីភ្នំពេញ ។
យោងតាមជីវប្រវត្តិនៃការសិក្សា និងបទពិសោធន៍ការងារ ទាំងលោកអភិបាល ក៏ដូចជាលោកអភិបាលរងទាំង៦រូប នៃគណៈអភិបាលរាជធានីភ្នំពេញ ឃើញថា ពោរពេញទៅដោយចំណេះដឹង អាចនឹងដឹកនាំរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍជឿនលឿន ដូចអ្វីដែលប្រមុខរដ្ឋាភិបាលមានទំនុកចិត្តជាក់ជាពុំខានឡើយ ៕ សុខ ខេមរា