ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស័ក្កិ២យាមនៅមណ្ឌលកែប្រែម្នាក់ និងជនសង្ស័យ៤នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងផ្ទះជួល រកឃើញនូវសារធាតុញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យ ចំនួន៥នាក់ ក្នុងនោះមានប៉ូលិស ស័ក្កិ ២ម្នាក់ យាមនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាបផងដែរ ។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងផ្ទះជូល ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រួចបញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានប្រាប់ថា ជនសង្ស័យទាំង ៥ នាក់ នោះមាន៖ ទី១/ឈ្មោះ ប៉ែន សុខ សំអាត ភេទប្រុសអាយុ២៦ឆ្នាំ (ជួញដូរ)មុខរបររត់ម៉ូតូកង់បី រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ទី២/ឈ្មោះ តង ចាន់ ភិរក្ស ភេទប្រុស អាយុ២៧ឆ្នាំ (ជួញដូរ)មុខរបរជាប៉ូលិស (សក្កិ២) ប្រចាំការនៅមណ្ឌលកែប្រែបន្សាយគ្រឿងញៀន រស់នៅភូមិស្វាយដង្គំ ក្រុងសៀមរាប

ទី៣/ឈ្មោះ ជា សុវត្ត ហៅកាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (ជួញដូរ) ស្នាក់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ទី៤/ឈ្មោះ ណាត់ ណារ៉ុង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និង

ទី៥/ឈ្មោះ គង់ ភត្រា ភេទប្រុស អាយុ២៧ឆ្នាំ (អត់មានសារធាតុញៀនទេ) មុខរបរបុគ្គលិកម៉ាស្សា រស់នៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

លោកបានបន្តថាបន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានរកឃើញនូវសារធាតុញៀន រួចដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន១៦កញ្ចប់,ទូរស័ព្ទដៃ ចំនួន៧គ្រឿង ,ម៉ូតូចំនួន១គ្រឿង និងសម្ភារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កម្លាំងកងរាជអាវុធហត្ថក្រុងបានបញ្ជូនទៅឱ្យកម្លាំងការរិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ត រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ផងដែរថា ចំពោះជនសង្ស័យម្នាក់ជាប៉ូលិសពាក់សក្កិ២ ដែលមានសារធាតុញៀនក្នុងខ្លួននោះ ត្រូវបានលោក ស្នងការ កំពុងឲ្យខាងផ្នែកបុគ្គលិក រៀបចំសំណុំរឿងសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីដកចេញពីក្រមខណ្ឌនគរបាលជាតិ ហើយឱ្យខាងប៉េអឹមចាត់ការទៅតាមច្បាប់ ។ នេះបើតាមសម្តីរបស់លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាបប្រាប់តាមទូរស័ព្ទ ៕ ប៊ុន រិទ្ធី


ចែករំលែក៖