ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤បានរិះគន់មន្ត្រីដែលឈរជើង ត្រង់ចំណុចទីតាំងស្ថានីយជញ្ជីងអង្គស្នួល ខេត្តកណ្តាល ស្ថិតនៅមុខសាលាស្រុកអង្គ ស្នួលថា មិនបានយកចិត្តទុកដាក់ក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅរថយន្ត ដឹកល្មើសច្បាប់ឡើយ។ ជារៀងរាល់ថ្ងៃតែងតែសង្កេតឃើញអ្នកបើកបរចុះបង់លុយ រួចឆ្លងកាត់យ៉ាងរលួនទោះបីដឹកផ្ទុកលើទម្ងន់កំណត់ក៏ដោយនោះ ។
ប្រភពបានឱ្យដឹងថា សកម្មភាពរបស់កម្លាំងចម្រុះក្រោមការគ្រប់គ្រងរួមរបស់មន្ត្រី សាធារណការ និងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្តដឹកដី ដឹកថ្ម និងដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៤ប៉ុណ្ណោះ។ ចំណែកការថែទាំជួស ជុលផ្លូវជាតិវិញហាក់គ្មានឃើញអ្វីគួរឱ្យកត់សម្គាល់សោះ ខណៈផ្លូវជាតិលេខ៤បាន រងការខូចខាតជាអន្លើៗទៅហើយនោះ។ ប្រជាពលរដ្ឋបានបន្តថា បើសិនជាលុយ ដែលបានមកពីប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយជញ្ជីងអង្គស្នួល ខេត្តកណ្តាលនេះ ចូលក្នុងថវិការដ្ឋមិនអីទេ ប៉ុន្តែគេសង្ស័យចូលទៅហោបៅ៉ក្រុមមន្ត្រីពុករលួយច្រើនជាងដែលនាំឱ្យរដ្ឋមាត់បង់ចំណូលរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ។
តាមប្រភពច្បាស់ការណ៍បានបង្ហើបថា ក្នុងមួយថ្ងៃប្រាក់ចំណូលបានពីរថយន្តដឹកទំនិញ ដឹកថ្ម ដឹកដីដែលឆ្លងកាត់ស្ថានីយជញ្ជីងអង្គស្នួលនោះបានបង់លុយជូនក្រុម មន្ត្រីដែលឈរជើងកន្លែងជញ្ជីងមិនរំលងមួយគ្រឿងណាឡើយ ហើយប្រាក់ចំណូលប្រមូលពីរថយន្តចូលទៅថវិការដ្ឋបានមួយចំនួន និងមួយចំនួនចូលហោបៅ៉បុគ្គល តែម្តង ៕