ខេត្តកណ្តាលៈ បុរសប្រមឹកម្នាក់បានធ្វើសកម្មភាពលបកាប់ប្រហារលោកមេភូមិអំពិលផ្អែម ឃុំវិហារលួង ស្រុកពញាឮ ដោយពូថៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៥ និង២១នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ស៊ុំ សំអឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអំពិលផ្អែម ឃុំវិហារលួង ស្រុកពញាឮ ។ ចំណែកឯលោកមេភូមិអំពិលផ្អែមឈ្មោះ ង៉ែត ឡាក់ អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពិលផ្អែម ឃុំវិហារលួង ស្រុកពញាឮ រងរបួសលើក្បាល និងស្មាចំនួន០៣កន្លែង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះជាមេភូមិបានដើរទៅលើគ្រឿងចក្រដែលកំពុងជួសជុលផ្លូវលំនៅក្នុងភូមិ ខណៈនោះជនសង្ស័យមានសភាពស្រវឹងស្រាបានស្រែកឡូឡាជេរដៀមដាមដាក់ជនរងគ្រោះ ។ ទោះបីជាយ៉ាងណាជនរងគ្រោះមិនបានតបតទៅជនសង្ស័យវិញនោះទេ តែជនសង្ស័យមិនអស់ចិត្តបានយកពូថៅដែលនៅចង្កេះលបកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ បង្រ្កាបចាប់ខ្លួនរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកពញាឮផងដែរ ៕ ស្អាងជ័យ