ព័ត៌មានទាន់ហេតុការណ៍៖

អ្នកអភិរក្សគ្រោងយកព្រះពុទ្ធរូបដែលរកឃើញពេលកំណាយជួសជុលប្រាសាទតាព្រហ្មដាក់នៅទីតាំងដើមវិញ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជ្យកុសលចំពោះព្រះមាតាព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។

ប្រាសាទនេះមានឈ្មោះដើមថា «រាជវិហារ» ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ។ ក្នុងគម្រោងជួសជុលជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ក្រុមការងារបានធ្វើកំណាយនៅសាលរបាំ ហើយបានប្រទះឃើញព្រះពុទ្ធរូប២អង្គ ដែលមានតែដងខ្លួន បាត់ព្រះកេស។

លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលនៃប្រាសាទតាព្រហ្ម បានឲ្យដឹងថា ក្រោយទទួលអនុសាសន៍យល់ព្រមពីអ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការICC-Angkor ក្រុមការងាររបស់លោកនឹងយកព្រះពុទ្ធរូបទៅដាក់នៅសាលរបាំដែលជាទីតាំងដើមនៃពុទ្ធរូបនោះវិញ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរគោរពបូជា។

លោកបញ្ជាក់ថា ពុទ្ធរូប២អង្គនោះ គឺជាពុទ្ធរូបប្រក់នាគ ដែលក្រុមការងាររបស់លោកបានប្រទះឃើញ ពេលធ្វើកំណាយអំឡុងពេលចាប់ផ្តើមការដ្ឋានជួសជុលសាលរបាំអំឡុងឆ្នាំ២០១១។

លោក ចាន់ ឡាយ មិនទាន់អាចបញ្ជាក់បានអំពីកាលបរិច្ឆេទនៃការដង្ហែព្រះពុទ្ធរូបទៅតម្កល់នៅទីតាំងដើមនៅឡើយទេ ដោយសារការជួសជុលសាលរបាំមិនទាន់រួចរាល់ស្ថាពរ ជៀសវាងការធ្លាក់ដុំថ្ម ឬកំទេចផ្សេងៗមកប៉ះពុទ្ធរូបអាចបណ្តាលខូចខាតថែមទៀត។

គួររម្លឹកថា ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI)  រួមសហការជា មួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងដំណាក់កាលទី១(២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើតឆៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរបេះធ្លាក់ឬដួលរលំបន្ថែមទៀត។

សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបដំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ៕ ប៊ុន​រិទ្ធី

 


ចែករំលែក៖