ខេត្តសៀមរាប៖ រថយន្តកាមរីដឹកម៉ូយ ពីស្រុកក្រឡាញ់មកខេត្តសៀមរាបបើកបរមិនប្រយ័ត្ន រេចង្កូត ទៅបុកដើមឈើខ្លួនឯង បណ្តាលឱ្យអ្នកដំណើរស្រី ប្រុស របួសធ្ងន់ ស្រាល ៣នាក់ បន្សល់ទុករថយន្តនិង អ្នករបួសនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរចុះរត់បាត់ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២៣១ ស្ថិតនៅភូមិក្តីរុន ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ ទោ ទេព ពុំសែន អធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប បានប្រាប់ក្នុងកិច្ចសម្ភាសន៍កាលពី ព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៧ ថា មុនពេលកើតហេតុមានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានរាយការណ៍មកមន្ត្រីប៉ុស្តិ៍នគរបាលក្តីរុនថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកដើមឈើខបណ្តាលឱ្យរបួសធ្ងន់ស្រាលប្រុស ស្រី ៣នាក់ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចវាស់វែង បញ្ចូនជនរងគ្រោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភ្លាមៗផងដែរ។
លោកបានបញ្ជាក់បន្ថែមថា អ្នកដំណើរដែលជិះក្នុងរថយន្តកាមរី ប្រុស ស្រី ចំនួន៣នាក់នោះមាន៖ ទី១/ឈ្មោះវ៉ាន គក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែនៅភូមិ ឃុំ រោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប (របួសធ្ងន់) ទី២/ឈ្មោះអាំ អ៊ាំ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ (របួសស្រាល) និង ទី៣/ឈ្មោះឈឿម ហឿយ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ(របួសស្រាល) អ្នកទាំង៣នាក់រស់នៅភូមិ ឃុំ ជាមួយគ្នា។ រីឯអ្នកបើកបរឈ្មោះ វឿន សារ៉ាយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបររថយន្ត ម៉ាក Camry ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2Q-8365 ឆ្នាំ១៩៩៥ បើកបរពីជើងទៅត្បូងបាន រេចង្កូតទៅបុកគល់ឈើ បន្ទាប់ពីមានហេតុការកើតឡើង អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ចំណែករថយន្ត-ខូចខាតយ៉ាងធ្ងន់។
សមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍គ្រោះថ្នាក់នេះកេីតឡេីងដោយមូលហេតុ បើកបរខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន កម្លាំងជំនាញបានយករថយន្ត ដែលបង្កមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលក្តីរុន រង់ចាំឱ្យភាគី បង្ក ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ ប៊ុនរិទ្ធី