ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៣នាក់នៅស្ទឹងមានជ័យសង្ស័យករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ សហការនិងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យដឹក នាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារ៉ា អធិការរងនគរបាលខណ្ឌមានជ័យចុះបង្ក្រាបទីតាំងលាក់ខ្លួនជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលា ម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិទ្រា២ ផ្លូវព្រះមុនីរេត និងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃដដែលនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារ៉ា បានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី១៣កក្កដា កម្លាំងយើងបានសហការជាមួយនិងនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានភូមិទ្រា២ បានចាប់ឃាត់ខ្លួនបុរស២នាក់ ក្រោមបទសង្ស័យជួញដូរនូវសារធាតុញៀនខុសច្បាប់។ លោកអធិការរងដដែលបន្តថា ជនសង្ស័យទី១/ឈ្មោះ ទិត្យ សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ជើងឯក ខណ្ឌដង្កោ។ និងទី២/ឈ្មោះ ជ័យ សាវន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅមិនពិតប្រាកដ។ ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងមាន៖ ក្រាមពណ៌សថ្លា(សង្ស័យជាថ្នាំញៀន)ចំ នួន៣កញ្ចប់ថង់ធំ និងម៉ូតូ១គ្រឿងគុបជ្រុងសេ៥០ ពណ៌ពងមាន់ ពាក់ស្លាកលេខក្រចេះ 1A-3525។

លោកអធិការរងបន្តថា បន្ទាប់មកនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ១៣កក្កដា ដដែល កម្លាំងយើងក៏បានសហការនិងកម្លាំងប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យចុះរដ្ឋបាលនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹមានជ័យ ក៏បានចាប់ឃាត់ខ្លួនបុរសម្នាក់ទៀតសង្ស័យជួញដូរនូវសារធាតុញៀន។ ជនសង្ស័យមានឈ្មោះ ជុន យ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័ ខណ្ឌមានជ័យ ហើយក្នុងនោះ ដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា(កញ្ចប់ធំ១កញ្ចប់ និងកញ្ចប់តូច៥)។

លោកអធិការរងបន្តថា ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម


ចែករំលែក៖